ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុ​ក​រថ​យន្ត​បាក់ធ្មេញ​អស់​៣

ភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង៤ និង៣០ នាទីរសៀលថ្ងៃទី៣ មករា ក្មេង​ស្រី​ជំទង់​ម្នាក់​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​ជិះ​ដើរ​លេង ជ្រុល​ទៅ​បុក​រថយន្ត​ចំហៀង​ខាង​ឆ្វេង បណ្តាល​ឲ្យដួល​បោក​នឹង​ទ្វារ​រថយន្ត​រង​របួស​ ​បាក់​ធ្មេញ​ អស់​​​៣ ហូរ​ឈាម​កក្លាក់ ស្ថិត​នៅគល់ស្ពានភ្លោះកោះពេជ្រថ្មី តាមមហាវិថីព្រះសីហនុកែងវិថីមហា​ឧបាសក ស ប៊ិត ក្នុង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍​បានឲ្យ​ដឹងថា មុនពេលកើតហេតុ រថយន្ត និងម៉ូតូជិះលឿនដូចគ្នា បណ្តាល​ឲ្យបុកគ្នា ក្នុងនោះរថយន្ត​ម៉ាក​ឡិចស៊ីស ពណ៌ស ជិះគ្នា២នាក់ ជាស្រ្តី បើកតាមវិថី ឧបាសក ស ប៊ិត ពីជើងទៅត្បូង ចំណែកម៉ូតូម៉ាក HAYATE ពណ៌ខ្មៅ ជិះគ្នា២នាក់ ក្មេង​ស្រីជំទង់ឌុបក្មេងប្រុសជំទង់ តាម​មហាវិថីព្រះសីហនុ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ជា​ចំណុច​ប្រសព្វ ធ្វើឲ្យម៉ូតូចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល ទៅបុករថយន្ត​ចំ​ទ្វារ​ក្រោយចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ក្មេងស្រីជា​អ្នកបើក​ម៉ូតូ​ដួល​បោក​ទ្វាររថយន្តបាក់ធ្មេញ​៣​ រីឯយុវជន​ជំទង់ជិះពីខាង​ក្រោយមិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុ​ មិត្តភក្តិបាន​ដឹកតាម​ម៉ូតូ​យកទៅ​ព្យាបាល​នៅគ្លីនិកជិត​កន្លែង​កើតហេតុ រួចមិត្តភក្តិ​បាន​ទូរស័ព្ទ​ហៅ​សាច់​ញាតិមកដោះ​ស្រាយ​​​នៅ​កន្លែង​កើតហេតុ ដោយ​សង​​ការ​ខូច​ខាត ទៅម្ចាស់​រថយន្ត​នោះ ។ ចំណែក​ម៉ូតូដែល​ខ្ចីមិត្តភក្តិ​ជិះនោះ ខូចខាតផ្នែកខាងមុខខ្ទេច៕

Related Articles

Back to top button
Close
Close