ប៉ុប ពី ត្រៀមវះកាត់កែទម្រង់ផ្ទៃមុខ
តារាសម្តែងភេទទីបីដែលមានសម្រស់ស្រស់ស្អាត ប៉ុប ពី បានអះអាងថា នាងគ្រោងនឹង ធ្វើការវះកាត់កែទម្រង់ផ្ទៃមុខថ្មី ដែលគ្រោងចំណាយប្រាក់ជិត៣ពាន់ដុល្លារ ដើម្បីលើក រាសីក្នុងឆ្នាំថ្មី។
គេសង្កេតឃើញថា នៅក្នុងឆ្នាំ ២០១២ ប៉ុប ពី ហាក់មិនសូវ មាន យីអ៊ុនខ្លាំងនៅក្នុងវិស័យ សិល្បះដែលនាងកំពុងតែដើរ នេះឡើយ បន្ទាប់ពីនាងបាន ត្រឹម តែឈរជើងក្នុងនាមជាពិធី ការិនីនៅក្នុងកម្មវិធី ដើមភូមិ ចុង ភូមិ របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍តែមួយមុខ នោះ។
តារារូបនេះហាក់មិនមានហាងឆេងក្នុងការថតខ្សែភាពយន្ត បន្ថែមទៀតឡើយ បន្ទាប់ពីយី អ៊ុនរបស់នាងបានធ្លាក់ចុះចាប់ តាំងពីវិស័យខ្សែភាពយន្តខ្មែរ ហាក់ដាប់ក្បាលចុះវិញ ក្រោយ ងើបឡើងបានមួយរយះខ្លី នោះ។
បន្ទាប់ពីមិនបានបង្ហាញភាព លេចធ្លោក្នុងវិថីសិល្បះនោះ ប៉ុប ពី បានងាកមកចាប់មុខរបរ រកថ្មីមួយដែលនាងមានជំនឿចិត្ត យ៉ាងមុតមាំថា ការងារមួយនេះ នឹងបើកឱកាសឲ្យនាង ទទួលបានប្រាក់ក្រាស់ក្រែល បន្ទាប់ពីមុខរបរបើកហាងអ៊ុត សក់ នោះ។
ការព្យាយាមក្នុងរកប្រាក់របស់តារាសម្តែងភេទទី៣រូបនេះ គឺដោយសារតែនាងមាន បំណងចង់កែកុនរូបសម្រស់ របស់នាងបន្ថែមទៀត ក្រោយពេលដែលនាងបានកែភេទ ប្រកបដោយជោគជ័យម្តងរួចមកហើយនោះ។
ប៉ុប ពី បានអះអាងថា បច្ចុប្បន្នសកម្មភាពក្នុងសិល្បះរបស់នាងពិតជាមានការស្ងប់ស្ងត់ បន្តិចមែនតែនាងមិនសូវ ជាខ្វល់ខ្វាយប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលនាងកំពុងតែគិតនាពេល នេះគឺនាងកំពុងតែខិតខំរកប្រាក់ដើម្បីកែទម្រង់ផ្ទៃមុខ ឲ្យមានភាពខុសប្លែកជាងឆ្នាំចាស់ ដើម្បីលើករាសីនៅក្នុងឆ្នាំថ្មី។
នាងនិយាយថា ការវះកាត់នេះគឺនាងគ្រោងនឹងធ្វើនៅក្នុងអំឡុងពេល៣ខែខាងមុខទៀត នៅក្នុងប្រទេសថៃ ដែលការវះកាត់ នោះនឹងអាចចំណាយប្រាក់ប្រហែលខ្ទង់ជិត៣ពាន់ ដុល្លារ។អ្វីដែលនាងមានមានបំណងចង់ធ្វើការវះកាត់ផ្ទៃមុខនាពេលនេះ គឺដោយសារតែ នាងមិនចង់ឲ្យរូបសម្រស់របស់នាងបាក់ស្រុតទៅតាមអាយុកាលនោះឡើយ ម្យ៉ាងនាង ចង់កែទម្រង់មុខ របស់នាងឲ្យមើលទៅដូចកូរ៉េ។
ទោះជាយ៉ាងណា ប៉ុប ពី មានការជឿជាក់យ៉ាងមុតមាំទៅលើដំណើរការនៃការវះកាត់នេះ ដោយហេតុថា នាងមានការជឿជាក់ យ៉ាងខ្លាំងទៅលើក្រុមគ្រូពេទ្យនៅទីនោះ ដោយសារ តែនាងធ្លាប់បានទទួលស្គាល់ពីស្នាដៃរបស់ក្រុមគ្រូពេទ្យទាំងនោះទៅលើ ការវះកាត់ មនុស្សភេទទី៣ដោយបានទទួលជោគជ័យជាបន្តបន្ទាប់។
នាងបញ្ជាក់ថា មុននឹងនាងបានសម្រេចចិត្តវះកាត់ប្តូរទម្រង់ផ្ទៃមុខនេះគឺនាងបានធ្វើការពិ គ្រោះជាមួយ ក្រុមគ្រូពេទ្យនៅក្នុង ប្រទេសថៃរួចរាល់ហើយ ហើយក្រុមគ្រូពេទ្យទាំងនោះ បានធានាអះអាងក្នុងការវះកាត់ទៅតាមអ្វីដែល នាងចង់ បាន។
យ៉ាងណាក៍ដោយប៉ុប ពី ហាក់មិនមានការព្រួយបារម្ភទៅលើការប៉ះពាល់សុខភាពរបស់ នាងឡើយ នៅពេលដែលនាងមាន ការវះកាត់ម្តងជាពីរដងដូច្នេះ ដោយនាងបានអះអាង ថា បញ្ហាសុខភាពទៅលើការវះកាត់នេះគឺនាងមិន បានគិតដល់ឡើយ ព្រោះនាងយល់ថា សុខភាពគឺអាស្រ័យទៅលើរបបអាហារដែលយើងបរិភោគរាល់ថ្ងៃ ប្រសិនបើយើង បរិភោគឲ្យបានទៀង ទាត់ និងគ្រប់គ្រាន់នោះគឺវាមិនមានបញ្ហាចោទឡើយ។ហេតុនេះ នាងត្រូវតែសម្រេចនូវគោលបំណងក្នុងការវះកាត់ប្តូរផ្ទៃមុខ នេះឲ្យខានតែបាន ដោយនាង មិនមានការព្រួយបារម្ភពីបញ្ហាសុខភាពឡើយ។
ទាក់ទងបញ្ហាស្នេហាវិញ ប៉ុប ពី បានបញ្ជាក់ថា នាងកំពុងតែស្វែងរកបុរសម្នាក់យល់ចិត្ត ហើយមានភាពស្មោះត្រង់ជាមួយនាង បន្ទាប់ពីនាងទើបតែបាក់បែកស្នេហ៍ដ៏ផ្អែកល្ហែម ជាង៣ខែមកនេះ។
ប៉ុប ពី និយាយថា នាងមិនចង់បានស្នេហាដែលមិនមានភាពស្មោះត្រង់ជាមួយនាងឡើយ ហើយមុននឹងនាងសម្រេចចិត្តយក បុរសណាម្នាក់នោះគឺនាងតែងតែនិយាយគ្នាជាមុនថានាងជាមនុស្សបែបណាហើយគេអាចទទួលនាងបានឬក៍អត់ កុំឲ្យដូច បុរសដែលនាងធ្លាប់ស្រលាញ់មកនោះគឺមិនមានភាពស្មោះត្រង់ជាមួយនាង បើទោះបីជាដឹងថានាងជាមនុស្សបែបណាហើយ នោះ។ ទោះជាយ៉ាងណាការបាក់បែកស្នេហ៍នេះមិនបានធ្វើឲ្យនាងសោកស្តាយនិងខូចចិត្តឡើយ ដោយចាត់ទុកថា នេះជា វាសនាដែលបានកំណត់ តែអ្វីដែលនាងគិតនាពេលនេះគឺការវះកាត់ប្តូរទម្រង់មុខថ្មី ដើម្បីលើក រាសីក្នុងវិស័យសិល្បះក្នុង ឆ្នាំថ្មីនេះ ៕
ដោយ៖ ស.រ