បណ្ឌិត ឆាយ សុផល ត្រូវធ្វើជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី

នេះជាលើកដំបូង​​នៅក្នុងប្រវត្តិសាស្រ្តសារព័ត៌មានកម្ពុជា ដែលជនជាតិរបស់ខ្លួនមានសមត្ថ​ភាព និងឱកាសបានធ្វើជាប្រធានសមាគម ដឹកនាំអ្នកសារព័តមានអន្តរជាតិ

Cambodia News

ទីក្រុងអ៊ីនឈាន់ (កូរ៉េខាងត្បូង)៖ សមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) ដែលមានសមាជិកចំនួន៤០ប្រទេស ក្នុងនោះក៏មាន​មជ្ឈឹមបូព៌ា អឺរ៉ុបខាង​កើត អាស៊ី-ប៉ាហ្វ៊ិក និង​អាស៊ី​ខាងត្បូងដែរ នៅសប្តាហ៍នេះ បានបោះឆ្នោតជ្រើសរើសបណ្ឌិត ឆាយ សុផល ឱ្យ​​ធ្វើ​​ជាប្រធានសមាគមនេះ ដែល​មានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ (កូរ៉េ​ខាងត្បូង)។

លោក Lee Sang-ki ជនជាតិកូរ៉េ ដែលជាស្ថាបនិក និងជាអតីតប្រធាន AJA បានបញ្ជាក់ថា ដោយ​សារ​តែ​​កម្ពុជា​​មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍឆាប់រហ័ស ក្រោយការជួបទុក្ខសោកអស់​រយៈ​ពេល​​​ប្រមាណបីទសវត្សរ៍ ជាពិសេស ស្ថានភាពសេរីភាពសារព័ត៌មានមានលក្ខណៈប្រសើរ នោះ​សមា​ជិក AJA ពិតជាមានមោទនភាពចំពោះកម្ពុជា ដែលត្រូវចែករំលែកទៅពិភពលោក តាមរយៈ​សមាជិក AJA នៅ​ទូ​ទាំង​​​អាស៊ី និងនៅពិភពលោក។

Lee Sang-ki

លោក Sang-ki បានបន្ថែមថា ម្យ៉ាងទៀត បណ្ឌិត ឆាយ សុផល មានពិតជាមានលក្ខណៈ​សម្បិត្ត​គ្រប់​​គ្រាន់ ទាំងសមត្ថភាព បទពិសោធន៍ និងកំរិតសិក្សាខ្ពស់ថ្នាក់បណ្ឌិត គឺពិតជាស័ក្តិសមធ្វើជាសំឡេងតំណាង​​អ្នកសារព័ត៌​មាន​កម្ពុជាផង និងតំណាងសមាគម AJA ផង នៅក្នុងវិស័យព័ត៌មានជាសកល ខណៈ​ដែល​​ពិភពលោកកំពុងបារម្ភពីសង្រ្គាម វិបត្តិ និងក្តីវិនាសអន្តរាយ។
លោក Sang-ki បន្តថា បើទោះជាសមាគមនេះមានឈ្មោះថា «សមាគមអ្នកសារព័ត៌មានអាស៊ី» ក៏ដោយ ក៏នៅពេលកិច្ចប្រជុំប្រចាំឆ្នាំ សមាគមបានអញ្ជើញអ្នកសារព័ត៌មានមកពីអាម៉េរិក អឺរ៉ុប និងអាហ្វ្រិក​មកចូលរួម​​​ផងដែរ។

កិច្ចការស្នូលរបស់សមាគម AJA ត្រូវបានប្រតិបត្តិប្រចាំថ្ងៃដោយអគ្គលេខាធិការជាជនជាតិកូរ៉េ នៅ​​ទីស្នាក់ការកណ្តាលក្នុងទីក្រុងសេអ៊ូល និងមានអនុប្រធាន២រូប គឺជនជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ី អម​​​ដោយប្រធានកិត្តិយសជាជនជាតិសិង្ហបុរី។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអតីតអ្នកសារព័ត៌​មា​ន​អាជីព​​ដ៏​​ចំណាន​មួយរូបផង បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​តួនាទី​នេះរបស់បណ្ឌិ​ត ឆាយ សុផល ខណៈលោក ពុយ គា ប្រធាន​ក្លិប​អ្នកការសែតកម្ពុជា ក៏បានបង្ហាញ​ពីការ​សាទរ​​​ចំពោះ​​បណ្ឌិ​ត ឆាយ សុផល ដោយ​​បញ្ជាក់​ថា តាម​រយៈ​នាទី​នេះ បណ្ឌិ​ត ឆាយ សុផល អាច​​​​ស្វែងរក​ជ្រុង​ណា​​មួយ​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្លិប​អ្នក​ការសែត​កម្ពុជា និងសមាគម AJA នៅពេល​ខាង​មុខ ដើម្បីឱ្យអ្នក​សារព័ត៌​មានកម្ពុជា​បាន​​​​ផ្លាស់​ដំណើរ​ទស្សន​កិច្ចទៅបរទេស។

សមាគម AJA  ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ នៅ​ទីក្រុងសេអ៊ូល ដែលជាស្ថាប័នចាត់​តាំង​ព័ត៌​មាន​​​អន្តរ​ជាតិ លើកស្ទួយសន្តិភាព ការរួបរួម និងកិច្ចសហការជាសកល ហើយពង្រឹងសេរីភាពសារព័ត៌មាន​ប្រកប​​​ដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ។

បច្ចុប្បន្ន លោក Ashraf Aboul-Yazid ជនជាតិអេហ្ស៊ីប ជាប្រធាន ហើយពិធី​ប្រគល់​តួនាទី​នឹង​ត្រូវធ្វើ​ឡើង​នៅទី​ក្រុងសេអ៊ូល នាខែងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

បណ្ឌិត ឆាយ សុផល បានបង្ហាញពីអារម្មណ៍មោទនៈ ចំពោះតួនាទីនេះ ព្រោះថា នេះជាលើកដំបូង​​មិនដែលមាននៅក្នុងប្រវត្តិសាស្រ្តសារព័ត៌មានកម្ពុជា ដែលជនជាតិរបស់ខ្លួនមានសមត្ថ​ភាព និងឱកាសបានធ្វើជាប្រធានសមាគម ដឹកនាំអ្នកសារព័តមានអន្តរជាតិបែបនេះ ដោយលោកបញ្ជាក់ថា «មិនមែនតែរូបខ្ញុំទេដែលមានមោទនភាពខ្លួនឯងនោះ ប៉ុន្តែអ្នកសារព័ត៌មានកម្ពុជាចាស់ថ្មីជាច្រើននាក់ក៏មានមោទនភាពចំពោះតួនាទីនេះដែរ ព្រោះនេះគឺជាកិត្តិយសរបស់ប្រទេសកម្បូជា​ក្នុងវិស័យព័ត៌មាន»។

បណ្ឌិត ឆាយ សុផល

សូមរម្លឹកថា សម្រាប់កាងារ បណ្ឌិត​ ឆាយ សុផល មានបទពិសោធន៍ក្នុងវិស័យព័ត៌មាន និង​​សារគមនា​គមន៍ (ការងារទំនាក់ទំនង) ​រយៈពេលប្រមាណ៣០ឆ្នាំ ក្នុងនោះ បានបំពេញ​ការងារ​ជា​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌​មាន​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មានរយទ័រ (Reuters) របស់​​ប្រទេស​​​អង់គ្លេស​​រយៈ​ពេល​ជាង​១០​ឆ្នាំ, ជា​ជំនួយ​ការផ្នែកទូរទស្សន៍ អេភី (AP) របស់​​អាម៉េ​រិក, ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ឱ្យ​វិទ្យុ FM68h ជា​ភាសា​​អង់គ្លេស របស់​ឥណ្ឌូ​ណេ​ស៊ី​​, ​ជា​និពន្ធ​នាយក​​កាសែត Cambodia News, ​ជា​មន្ត្រី​សម្របសម្រួល​ការ​ងារ​ទំនាក់​ទំនង និង​​អ្នក​នាំ​ពាក្យ​ឱ្យ​អង្គការខាណា (KHANA), ​​ជា​អ្នក​ពិគ្រោះ​​យោបល់​ការងារ​ទំនាក់​ទំនង​លើគម្រោង​លើកស្ទួយអភិបាលកិច្ចល្អ​​របស់​ធនា​គារ​​ពិភព​លោក (World Bank) និង​​ធនាគារ​​អភិវឌ្ឍន៍​​​​អាស៊ី​ (Asian Development Bank), ជា​​មន្រ្តី​​គម្រោង​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​​​​​បាន​ព័ត៌​​មាន​នៃ​​អង្គការ UNESCO, និងធ្លាប់ជានាយក​ប្រតិបត្តិ​ក្លិប​អ្នក​កាសែត​កម្ពុជា។ បន្ថែមពីលើនេះ ក្រៅពីបានសរសេរ​សៀវភៅចំនួន​១៨ចំណងជើង ហើយសៀវភៅខ្លះមានជាភាសាអង់​គ្លេស ​​និងភាសាចិន បណ្ឌិត ឆាយ សុផល ក៏បានជួយកែសម្រួលសៀវភៅផ្សេងទៀតទាំង​​ភាសា​ខ្មែរ និង​​អង់​គ្លេសឱ្យឥស្សរជនមួយចំនួន រួមទាំងជួយ​ពិនិត្យ​​​សៀវភៅ «ឯកសារ​នៃតុលា​ការ​ប្រជា​ជន​បដិវត្តន៍កម្ពុជា» ជា​ភាសា​អង់គ្លេស និងឯកសារ​ស្រាវ​ជ្រាវ និងឯកសារ​វិភាគនយោបាយ​ជា​ច្រើន​​ទៀត។

ចំពោះ​​ការសិក្សា លោកបានបញ្ចប់វិទ្យាល័យនៅសាលាភ្នំដូនពេញ (បច្ចុប្បន្ន​វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ) នៅ​ឆ្នាំ​១៩៨៨។ មុនបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្ត​នយោបាយ​នៅ​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក​​​បញ្ចប់​​ការ​សិក្សា​ថ្នាក់​​អនុបណ្ឌិតផ្នែកសារព័ត៌​មាន ​នៅ​សាកល​វិទ្យា​ល័យ​​ អាតេណេអូ ដឺ ម៉ានីឡា (Ateneo de Manila University) នៅទីក្រុងម៉ានីល ប្រទេស​​ហ្វ៊ីលីពីន ក្រោយ​​បំពេញ​ការ​សិក្សា​ជំនាញ​​​សារព័ត៌​មាន នៅសាកល​វិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ក្នុង​ទី​ក្រុង​បាងកក ប្រទេសថៃ។

តាមរយៈបទពិសោធន៍ការងារ និងកំរិតសិក្សាជាន់ខ្ពស់នេះ បណ្ឌិត​ ឆាយ សុផល ត្រូវបាន​ស្ថាប័ន​អន្តរ​​​​ជាតិអញ្ជើញ​ឱ្យទៅប្រមាណ៣០ប្រទេស ​​ក្នុងនោះមាន​​អាម៉េរិក កាណាដា អូស្ត្រាលី ​អាល្លឺម៉ង់ រុស្ស៊ី និង​បណ្ដា​​​ប្រទេស​មួយចំនួនទៀតនៅ​អឺរ៉ុប មជ្ឈឹមបូព៌ា ព្រមទាំង​អាស៊ី ដោយប្រទេសខ្លះបានទៅលើសពី៣០ដង ក្នុង​​នាម​ជា​គ្រូឧទ្ទេស ជា​វាគ្មិន ជាអ្នកចូលរួម និង​ជា​អ្នក​យក​ព័ត៌មាន៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close