យុវជនចិន-កម្ពុជា ក្លាយជា “ដៃគូយុវវ័យ” ដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល
Cambodia News
ភ្នំពេញ៖ យុវជនចិន និងកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «ដៃគូយុវវ័យ» ដើម្បីបន្តវេន និងពង្រឹងចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត តាមរយៈការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
នេះជាការលើកឡើង របស់ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន នៅក្នុងព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជនចិន-កម្ពុជា ក្រោមប្រធានបទ “Tomorrow’s boss” ដែលបានរៀបចំឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ ឯកឧត្តម ផឹង ពីន បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជា «មិត្តដែកថែប» ដែលតែងតែរួមសុខទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តមបានរំលឹកថា ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន នៅកម្ពុជានាពេលកន្លងមក ចំណងទាក់ទងនៃប្រទេសទាំងពីរបានឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មី ហើយយុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបន្តបេសកកម្មនេះ។
ឯកឧត្តមបានបន្ថែមថា ខេត្តយូណានដែលជាច្រកទ្វារជួរមុខនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា កំពុងក្លាយជាដែនដីដ៏មានសក្តានុពលសម្រាប់យុវជនកម្ពុជា និងចិន ក្នុងការសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរជំនាញ និងចាប់ផ្ដើមអាជីវកម្ម។ ជាក់ស្ដែង តាមរយៈគម្រោង “ផ្លូវសូត្រអាកាស” និងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យុវជនកម្ពុជាជាច្រើនបានទទួលនូវឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកម្រិតខ្ពស់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផឹង ពីន បានផ្តល់នូវអនុសាសន៍ និងសំណើគន្លឹះចំនួន ៣ ចំណុចជូនដល់យុវជននៃប្រទេសទាំងពីរ៖
១. រួមគ្នាកសាង “ថ្មគ្រឹះ” នៃមិត្តភាព៖ រក្សា និងថែរក្សាប្រពៃណីមិត្តភាពដែកថែបពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ និងកក់ក្តៅ។
២. ប្រើប្រាស់ “ដែកឆក់” នៃកិច្ចសហប្រតិបត្តិការ៖ ទាញយកចំណុចខ្លាំង និងឧត្តមភាពរៀងៗខ្លួនមកបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបានជោគជ័យរួមគ្នា។
៣. ប្រឡូកក្នុង “ថ្មសាកល្បង” នៃនវានុវត្តន៍៖ មានភាពក្លាហានក្នុងការធ្វើនវានុវត្តន៍ និងសហគ្រិនភាពលើវិស័យទំនើបៗ ដូចជា សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងកសិកម្មទំនើប។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នេះក៏មានការសម្ពោធជាផ្លូវការនូវ ទូដាក់សៀវភៅ “ភាពកក់ក្តៅពីភាគខាងត្បូង” នៅកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌អាន និងបង្កើនការផ្លាស់ប្តូរគំនិត ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕
