កម្មករស៊ីនទ្រីម្នាក់ ត្រូវរថយន្តក្រុមហ៊ុនស៊ីនទ្រី កិនបែកក្បាលស្លាប់
ភ្នំពេញ ៖កាលពីវេលាម៉ោង ១៥ និង២០ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ នេះ យុវជនម្នាក់បាន ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះនៅលើរថយន្តស៊ីនទ្រី ហើយ បានធ្លាក់ មកលើថ្នល់ ក៏ត្រូវរថយន្ត ស៊ីនទ្រី ដែលកំពុងបើកបរកិនបែកក្បាលស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវមុនីរ៉េត ជិតផ្សារស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលស្លាប់បាត់ជីវិតក្នុង ខាងលើនេះមាន ឈ្មោះ ធៀង ធា ភេទប្រុស អាយុ១៨ ឆ្នាំស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានមុខ របរជាកម្មករក្នុងក្រុមហ៊ុនស៊ីនទ្រី ។
មុនពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះ រួមជាមួយនិង កម្មករជាពីរ ទៅបីនាក់ ទៀតបានដើរប្រមូល សម្រាមដាក់ក្នុងរថយន្តស៊ីនទ្រី ខណៈប្រមូលសំរាម បានពេញរថយន្ត ហើយនោះយុវជន រងគ្រោះបានតោងរថយន្ត ពីចំហៀងក្នុងបំណងជិះ ទៅកន្លែងចាក់សម្រាម ប៉ុន្តែតោង មិនបានប៉ុន្មានម៉ែត្រផង ស្រាប់យុវជនឈ្មោះ ធៀង ធា បានធ្លាក់ពីរថយន្ត បណ្តាលឲ្យ កងរថយន្តស៊ីនទ្រីខាងក្រោយ កិនចំក្បាលបែកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញបានចុះមកវាស់វែងនាំ យករថយន្តស៊ីនទ្រីទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានី ភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី ច្បាប់។ ចំណែកសាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចលើកយកទៅតម្កល់ នៅវត្តសំបួរមាស រង់ចាំក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ហេង នាង