ចិនសម្ពោធផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងវែងបំផុត លើពិភពលោក
ផ្លូវរថភ្លើងល្បឿនលឿន និងមានប្រវែងជិត ៣០០០ គីឡូម៉ែត្រ វែង ជាងគេបំផុតលើពិភពលោក ផលិតដោយប្រទេសចិន នឹងសម្ពោធដាក់អោយប្រើប្រាស់ នៅថ្ងៃពុធនេះ។ ផ្លូវនេះភ្ជាប់ពីទីក្រុងប៉េកាំងទៅកាន់ក្រុងកង់តុងស្ថិតនៅភាគខាង ត្បូងប្រទេសចិន។ ចិនបង្ហាញមោទនភាព ដាក់អោយប្រើប្រាស់ ផ្លូវរថភ្លើងថ្មី នៅថ្ងៃទី ២៦ធ្នូនេះ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់លោក ម៉ៅ សេទុង ដែលជាបិតាបង្កើតសាធារណរដ្ឋចិន។ ផ្លូវរថភ្លើងនេះ នឹងសំរួលការធ្វើដំណើររបស់ប្រជា ជន ចិន រាប់រយលាននាក់ ក្នុងទិវាបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
ពីរពាន់ពីររយកៅសិបប្រាំបីគីឡួម៉ែត្រគឺជាប្រវែងផ្លូវរថភ្លើងល្បឿនលឿនរបស់ ប្រទេសចិន ធ្វើអោយក្រុង ប៉េកាំងកាន់កាប់តំណែងជាអ្នកបង្កើតផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងវែងជាងគេបំផុត លើពិភពលោក។
ជាមួយនឹងល្បឿនរថភ្លើងមធ្យម ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រជាជនចិនអាចធ្វើដំណើរ ពីភាគខាងជើង ទៅកាន់ភាគខាងត្បូងប្រទេស ត្រឹមតែ ៨ ម៉ោងប៉ុណ្ណោះ ដែលកាលពីមុន គេត្រូវចំណាយពេល រហូតដល់ទៅ ២២ម៉ោង។
ផ្លូវរថភ្លើងដ៏វែងនេះ មានស្ថានីយ ៣៥កន្លែង កាត់តាម ក្រុងធំៗសំខាន់ៗ ដូចជា ក្រុង សិនជូ វូហាន និងចាំងស្ហា ជាដើម។ ក្រសួងគមនាគមន៍ផ្លូវដែករបស់ចិន បានប្រកាសដោយមោទនភាពថា នេះជាបច្ចេកទេស មានលក្ខណៈខ្ពស់បំផុតក្នុងពិភពលោក។
គេប្រមើលមើលថា ជាមួយនឹងគមនាគមន៍ថ្មីនេះ ចិននឹងធ្វើការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការរក្សាសុវត្ថិភាព របស់អ្នកដំណើរ។ ក្រុងប៉េកាំង ធ្លាប់មានបទពិសោធន៍ជូរចត់ ដោយកាលពីឆ្នាំ ២០១១ រថភ្លើងល្បឿនលឿន ចំនួនពីរគ្រឿង បានបុកទង្គិចគ្នា ធ្វើអោយអ្នកដំណើរ ៤០នាក់បាត់បង់ជីវិត។ គ្រោះថ្នាក់រថភ្លើងនេះ បានដាក់ទណ្ឌកម្មធ្ងន់ដល់ ទីផ្សារឧស្សាហកម្មផ្លូវដែកប្រទេសចិន នៅក្រៅប្រទេស។ ជាមួយនឹងបទពិសោធន៍នេះ ក្រុងប៉េកាំង បានដាក់អោយមាននូវប្រព័ន្ធការពារ និងវិធានការការពារបន្ទាន់ ក្នុងគមនាគមន៍ផ្លូវដែក៕ដោយ ព្រំ សឿន សូលីណា (RFI)