តុលាការសម្រេចដាក់ទោសអ្នកស្រីទឹម សាក់មុនី ៦ខែ តែព្យួរឲ្យមានសេរីភាព ចំណែកអ្នកស្រីយ៉ោម បុផ្ផា មិនទាន់ដឹងលទ្ធផល
ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី២៦ ធ្នូ ២០១២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលើអ្នក ស្រីទឹម សាក់មុនី ឲ្យជាប់ពន្ធនាគារចំនួន៦ ខែ តែព្យួរឲ្យមានសេរីភាព។ ចំណែក អ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លី នៅបឹងកក់ សាលាដំបូងរាជធានីភ្នំពេញនៅមិនទាន់ដេញដោលបញ្ចប់សំណុំរឿង នៅឡើយទេ ដោយតុលាការសម្រេចលើកពេលជំនុំជម្រះនៅព្រឹកថ្ងៃទី២៧ ធ្នូ ជាបន្តទៀត។
គួរ រំលឹកថា អ្នកស្រី ទឹម សាក់មុនី ដែលមានវ័យ៦៤ឆ្នាំ ជាអ្នករស់នៅសហគមន៍បុរីកីឡា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនផានអ៊ីម៉ិច ដោយចោទប្រកាន់អ្នកស្រីពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ចំណែកអ្នកស្រី យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ថា បានប្រើអំពើហិង្សា ដោយចេតនាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។
ក្រុម ប្រជាពលរដ្ឋបឹងកក់ និងបូរីកីឡា រួមទាំងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ បានប្រមូលផ្តុំគ្នាលើកបដាស្រែកទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនីដោយមានរបាំងរាំងផ្លូវ អមដោយកម្លាំងប៉ូលិសបង្ក្រាបបាតុកម្ម នៅខាងភ្លើងស្តុបនាងគង្ហីង។ ចំណែក ឯនៅប៉ែកខាងភ្លើងស្តុបអាងទឹក ក៏មានក្រុមអ្នករត់ម៉ូតូឌុបរាប់សិបនាក់បានប្រមូលផ្តុំ លើកបដាទាមទារឲ្យតុលាការផ្តន្ទាទោស លើអ្នកស្រី យ៉ោម បុប្ផា ដោយពួកគេសំអាងថា ស្ត្រីសកម្មជនតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជាអ្នកចូលរួម វាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួស កាលពីដើមខែកញ្ញា៕
ដោយ៖ ហេង នាង