ម៉ូតូ ២​គ្រឿង​បុក​គ្នា​ស្លាប់​ទាំង​ ២​នាក់​

ភ្នំពេញ ​ ៖ ​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ​យុវជន​​ ​២​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ទាំង២នាក់​ ​ដោយ​ម្នាក់​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​ស្លាប់​នៅពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ក្នុង​ទិសដៅ​ច្រាស​គ្នា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះ​ដែល​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ​នោះ​ឈ្មោះ ដុម សុមនា​សារដុម​ចន្ទ​សេរី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រៀន​គ្រូ​បរិញ្ញាប័ត្រ​រស់នៅ​ភូមិ​ផ្សារ​រកា​ ឃុំ​រកា​ក្នុង​ ស្រុក​ដូន​កែវ ខេត្ត តាកែវ ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ 1D-3031។

ចំ​ណែក​ភាគី​ម្ខាង​ទៀត​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​មានឈ្មោះ សុទ្ធ​ឌី​សាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​អំ​ពឹ​ល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០០៧ ​ពាក់​ស្លាក​លេខ​កណ្ដាល​1E-9019។

​​​ប្រភព​ព័ត៌មាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​វ៉េវ​ជិះ​ម្នាក់ឯង​ក្នុង​ទិសដៅ​ពី​ជើង​ ទៅ​ត្បូង ​ហើយ​ភាគី​ម៉ូតូ​សេ​១២៥​ជិះ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​បញ្ច្រាសទិស ​គ្នា។ លុះ​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ក៏​បុក​គ្នា​នៅ​កណ្ដាល​ ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង រួច​ខ្ទាត​មក​ចិញ្ចើមផ្លូវ។

ក្រោយពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​ម៉ាកវ៉េវ​បាន​ស្លាប់​នៅ​នឹងកន្លែង​ កើតហេតុ ហើយ​ភាគី​ម៉ូតូ​សេ​១២៥ រង​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​គេ​បញ្ជូន​មកសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ព្រះកុសុមៈ រួច​ក៏​ស្លាប់​តែម្ដង៕

ដោយ៖ ហេង នាង​

that-0568

that-0571

Related Articles

Back to top button
Close
Close