សកម្មជនដីធ្លី ២នាក់ត្រូវបាននាំមកកាត់ទោស
ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូ ២០១២នេះ ស្រ្តីសកម្មជនដីធ្លីពីរនាក់ គឺអ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រី យោម បុប្ផា ដែលជាប់ពន្ធនាគារ ចាប់តាំងពីការចាប់ខ្លួន កាលពីខែកញ្ញា នឹងត្រូវប្រឈមមុខនឹងតុលាការ ពីបទចោទប្រកាន់ដែលក្រុមសិទ្ធិមនុស្សហៅថា ជាការប្រឌិតឡើង ដើម្បីបញ្ឈប់ពួកគេ និងមនុស្សផ្សេងទៀតពីការតវ៉ា។
យោងតាមតំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ក្រុមសិទ្ធិមនុស្សជាច្រើន និងក្រុមអ្នកគាំទ្រស្រ្តីទាំងពីរនាក់នេះរាប់រយនាក់មកពីតំបន់ ជម្លោះដីធ្លីបុរីកីឡា និងបឹងកក់ នឹងមកជួបជុំគ្នា នៅក្រៅសាលាដំបូងរាជធានីដើម្បីរង់ចាំសេចក្តីសម្រេចអំពី ជោគវាសនា របស់ស្រ្តីទាំងពីរនាក់នេះ។
អ្នកស្រីយោម បុប្ផា អាយុ២៩ ឆ្នាំ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីវាយដំមួយ នៅតំបន់បឹងកក់កាលពីចុងខែសីហា ដែលបានបណ្តាលឲ្យម៉ូតូឌុបពីរនាក់ទទួលរងរបួសត្រង់ក្បាល ។ អ្នកស្រីប្រឈមមុខនឹងការជាប់ពន្ធ-នាគាររយៈពេល៥ឆ្នាំនិងពិន័យ ចំនួន២៥០០ដុល្លារ។
អ្នកស្រី សាក់មុន្នី ដែលជាស្រ្តីមេមាយវ័យចាស់ រស់នៅក្រោមជណ្តើរមួយនៅបុរីកីឡា បន្ទាប់ពីការបណ្តេញចេញមួយ កាលពីខែមករា ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ដើម្បីទទួលបានផ្ទះមួយនៅបុរីកីឡា សម្រាប់កូនប្រុសពិការរបស់គាត់។ គាត់ប្រឈមមុខនឹងការជាប់ពន្ធនា-គាររយៈពេលពីរឆ្នាំ និងពិន័យចំនួន១០០០ដុល្លារ៕
ដោយ៖ ហេង នាង