យុវជន​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ដី​កិន​បែក​ក្បាល​ស្លាប់​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង ២និង ២៥នាទី រសៀល​ថ្ងៃទី​៥ ខែ​មករា ប្អូន​ប្រុស​របស់​តារា​ចម្រៀង អ៊ុក ណារីម ត្រូវ​រថយន្ត​ដឹក​ដី​កិន​បែក​ក្បាល​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​កើត​ហេតុ​ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​ កែង​ផ្លូវ​ភ្នំពេញ​ហាណូយ​ សង្កាត់​ភ្នំពេញ​ថ្មី ខ័ណ្ឌសែន​សុខ​។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបែនដឹកដីម៉ាកតូយ៉ូតា ពណ៌ខៀវ នៅជាប់នឹង​រថ​យន្ត​ បិទ ស្លាកមន្ទីរសាធារណការ និងដឹក​ជញ្ជូនរាជធានីភ្នំពេញ បើកតាម​ផ្លូវភ្នំពេញ​ហាណូយ ពីត្បូងទៅជើង រួចបត់ឆ្វេងចូលតាមផ្លូវបេតុង ខណៈ​ពេលកំពុងតែបត់ ស្រាប់តែ​យុវជន​ម្នាក់​ជិះម៉ូតូ ម៉ាកយ៉ាម៉ាហា អ៊ិ សាយធើរ ពណ៌ខ្មៅលាយ​ក្រហម តាមផ្លូវ​ភ្នំពេញ​ហាណូយ ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ បានចាប់ហ្វ្រាំងអូសចូលក្រោមរថយន្ត បណ្តាលឲ្យរថយន្តកិន បែកក្បាលស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ អ៊ុក តារា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ១៥៥៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ។ ចំណែកតៃកុងរថយន្ត មាន​ឈ្មោះ គួយ សុនី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

ក្នុងហេតុការណ៍នោះ ឃើញមាន​វត្តមានលោកអ៊ុក ណារីម ជាបង​ប្រុស​របស់ជនរង​គ្រោះ​បាន ទៅដល់​កន្លែងកើតហេតុ និងចាត់ចែង​ដឹកសពប្អូនប្រុស​យកទៅធ្វើបុណ្យ​តាម​​ប្រពៃ​ណី​នៅវត្ត ទឹកថ្លា ។ ចំណែក​រថយន្ត និងម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅរក្សាទុក នៅ​ការិយា​ល័យ​ចរាចរណ៍ផ្លូវគោក ៕

ដោយ៖ ហេង នាង​

Kosal-0148

Related Articles

Back to top button
Close
Close