ស្រវឹង​បើក​រថយន្ត​ បុក​រ​នាំង​ចែក​ផ្លូវ​បាក់​ ៥ផ្ទាំង​

ភ្នំពេញ៖ កាលពីវេលាម៉ោង៩នឹង៣៥នាទី យប់ថ្ងៃទី១៩ ខែធ្នូ  បុរសស្រវឹងជោកជាំ បើក រថយន្តក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករនាំងដែក ពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យ ដួលបាក់ ៥ ផ្ទាំង តាមបណ្តោយ មហាវិថីសហព័ន្ធ រុស្ស៊ី ទល់ មុខផ្សាររតនាផ្លាហ្សា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មាន ពីនគរបាលចរាចរ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉ូឡា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D 9379 បើកបរដោយបុរសម្នាក់ ឈ្មោះ ឡុង សាវុធ អាយុ ៣១ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ក្នុងស្ថានភាពស្រវឹង បានបើករថយន្តយ៉ាងលឿន តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ កន្លែងកើតហេតុខាងលើ ក៏ព្យាយាមបើកវ៉ារថយន្ត មួយគ្រឿងទៀត នៅពីមុខស្របគ្នា ទើបជ្រុលចង្កូត ទៅបុករនាំងដែកពុះចែកទ្រូង ចំពីមុខពេញ ទំហឹង បណ្តាលឲ្យដួលបាក់អស់ចំនួន ៥ផ្ទាំង។

រីឯរថយន្តបង្កហេតុ ព្យាយាមបើករត់ទាំងបែកកង់មុខខាងឆ្វេង បានប្រមាណ ១០០ម៉ែត្រ ក៏ទៅមុខលែងរួច ទើបត្រូវនគរបាល ធ្វើការឃាត់រថយន្តបង្កហេតុ និងអ្នកបើក។ ក្រោយពេលកើតហេតុ នគរបាលចរាចរ បានវាស់វែង និងស្ទូចយករថយន្តបង្កហេតុ យកទៅកាន់សាលារាជធានីភ្នំពេញ រង់ចាំការដោះស្រាយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close