អំ​ពើ​ហិង្សា​លើ​ស្រ្តី​-​កុមារី​ ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ផល​វិ​បាក​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​

ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ទំនាក់ទំនងរវាងមេរោគអេដស៍ ឬ ជំងឺអេដស៍ និង អំពើហិង្សាប្រឆាំងលើស្ត្រី និងកុមារី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១២ នេះ លោកស្រី ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អំពើ ហិង្សាលើស្ត្រី និងកុមារី គឺជាអំពើមួយ ដែលរីករាលដាលយ៉ាងខ្លាំងក្លាបំផុត បណ្តាលមក ពី វិសមភាពយេនឌ័រ និងជាសូចនាករ មួយអំពីស្ថានភាពរបស់ស្រ្តីនៅក្នុងសង្គម។

លោកស្រីបន្តថា កត្តាដែលនាំឲ្យឈាន ទៅរកការឆ្លងមេរោគអេដស៍ ក៏ដូចជាអំពើហិង្សាប្រឆាំងលើស្រ្តី និងកុមារី មានកត្តាជាច្រើនដូចជា ភាពមិនស្មើភាពគ្នានៅក្នុងសង្គម រវាងបុរស និងស្រ្តី ភាពក្រីក្រ ភាពគ្មានការងារធ្វើ អនក្ខរកម្ម ការរំលោភ សេពន្ធវៈ ស្ត្រីរកស៊ីផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងការបង្ខំរួមភេទ ដោយគ្មានប្រើប្រាស់ស្រោមអនាម័យជាដើម។

លោកស្រីបន្តទៀតថា នេះគឺជាភារកិច្ចចាំបាច់ សម្រាប់គ្រប់ស្ថាប័នដៃគូពាក់ពន្ធ័ទាំងអស់ ក្នុងការចូលរូមឲ្យបានសកម្ម ដើម្បីឆ្លើយតបប្រឆាំងនឹង អំពើហិង្សា លើស្រ្តី និងកុមារី ដោយរួមទាំងការកាត់បន្ថយ នូវភាពងាយរងគ្រោះគ្រប់រូបភាព ដែលនាំឲ្យមានការឆ្លងមេរោគអេដស៍ដល់ស្រ្តី។

លោកស្រីបញ្ជាក់ថា «វាមានអំពើហិង្សាក្នុងគ្រួសារ ជាពិសេសចំពោះស្រ្តី និងទាំងការរំលោភសេពសន្ធវៈ ហើយទាំងពីរនេះ មួយណាក៏មាន សារសំខាន់ដែរ ប៉ុន្តែអ្វីដែលទាក់ទងខ្លាំងមែនទែន ដែលយើងចាប់អារម្មណ៍នាពេលនេះ គឺការរំលោភសេពសន្ធវៈ ដែលយើងឃើញថា រយៈ ពេលកន្លងមកនេះ អំពើហិង្សាក្នុងគ្រួសារ យើងបានធ្វើការស្រាវជា្រវ និងពិនិត្យសិក្សាវាយតម្លៃទៅឃើញថា មានការថយចុះអំពើហិង្សាក្នុងគ្រួសារ ចាប់ពី ២០០៦-២០១០ បានថយចុះ២៦ភាគរយ»៕

ដោយ៖ ហេង នាង

សិក្ខាសាលាស្តីពី ទំនាក់ទំនងរវាងមេរោគអេដស៍ ឬ ជំងឺអេដស៍ និងអំពើហិង្សាប្រឆាំងលើស្ត្រី និងកុមារី (រូប dap) ។

Related Articles

Back to top button
Close
Close