សម្តេច​ហ៊ុន​ សែន​ ឲ្យ​សមត្ថ​កិច្ច​តាម​ដាន​ការ​អនុវត្តន៍​ច្បាប់​លើក​រណី​លោក​ឧ​កញ៉ា​ តាន់​ សេង​ហាក់​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ធ្នូ ២០១២ ប្រធាននាយកដ្ឋានសារគមនាគមន៍ នៃទីស្តីការ គណៈរដ្ឋមន្ត្រីលោក ឱម ច័ន្ទដារា បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ សម្តេច ហ៊ុន សែន បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ត្រូវតាមដាន និងពិនិត្យមើលការអនុវត្តច្បាប់លើករណី លោកឧកញ៉ា តាន់ សេងហាក់ ដែលត្រូវបានចាប់ខ្លួនក្នុងករណីគ្រឿងញៀន កាលពីពេលថ្មីៗនេះ ឲ្យបាន ត្រឹមត្រូវ។

ទាក់ទងនឹងករណីនេះដែរ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម (Facebook) ផងដែរ ដោយបានបញ្ជាក់ថា សម្តេចមិនសប្បាយចិត្តលើករណី ឧកញ៉ា តាន សេង ហាក់ នេះ ដោយសារការចាប់ខ្លួន តាន់ សេងហាក់ គឺខណៈពេលដែលមានឈ្មោះនៅក្នុងពន្ធនាគារនៅឡើយ។

សូមបញ្ជាក់ថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សឿង ណុល នាយការិយាល័យប្រឆាំងគ្រឿងក្រសួងមហាផ្ទៃ និង លោក ជា ម៉េត ព្រះរាជអាជ្ញារង បានចុះប្រតិបត្តិការ នៅវេលាម៉ោង ១:២០ នាទី រសៀល ថ្ងៃទី២៧ វិច្ឆិកា ២០១២ នៅផ្ទះរបស់ លោកឧកញ៉ា តាន់ សេងហាក់ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក សឿង ណុល នាយការិយាល័យប្រឆាំងគ្រឿងក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ជនសង្ស័យទាំង ៥ នាក់ និងវត្ថុតាង ត្រូវបញ្ជូនទៅតុលាការ រួមមាន ទី១- ឧកញ៉ា តាន់ សេងហាក់ ជាមេខ្លោង ទី២. ឈ្មោះ យឹម គង់ រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ទី៣. ឈ្មោះ ឡេង ឆេក ភេទប្រុស អាយុ ២៧ ឆ្នាំ ទី៤. ឈ្មោះ សូ យ៉ារី ភេទស្រី  អាយុ ២៥ ឆ្នាំ និងទី៥. ឈ្មោះ ស៊ុន ពន់រស្មី ភេទស្រី អាយុ ២៨ ឆ្នាំ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close