ស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុកដួលបាក់ឆ្អឹងដងកាំបិត
ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ធ្នូ បុរសម្នាក់ ត្រូវសាច់ញាតិប្រាប់ថា ជាកងទ័ពឈរជើង នៅព្រះវិហារ ស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុកមុខ តំណស្ពាន ដួលបាក់ឆ្អឹងដងកាំបិតខាងឆ្វេង នៅលើស្ពានជ្រោយចង្វារត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជិះម៉ូតូដួលខ្លួនឯង មានឈ្មោះ ប៉ុន ប៊ុនសួរ អាយុ៣៥ឆ្នាំ ជាកងទ័ពឈរជើងនៅព្រះវិហារ ស្នាក់នៅខេត្តព្រះវិហារ មកលេងបងប្អូននៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ លុះយប់ឡើងបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ទៅជួបជុំមិត្តភក្តិនៅភ្នំពេញ រហូតស្រវឹង ទើបជិះម៉ូតូត្រឡប់ទៅផ្ទះបងប្អូនវិញ ខណៈជិះមកដល់លើស្ពាន ជ្រោយចង្វារខាងកើត ស្រាប់តែជិះធ្លាក់ជង្ហុក ដែលជាមុខតំណស្ពាន បណ្តាលឲ្យដួលបាក់ឆ្អឹង ដងកាំបិតខាងឆ្វេងតែម្តង ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវសាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ៕
ដោយ៖ ហេង នាង