រាជ​រដ្ឋា​ភិបាល​កម្ពុជា​អំពាវ​នាវ​កុំ​ឲ្យ​ពល​ករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃពុធ ទី១២ ធ្នូ ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ កុំឲ្យពលករខ្មែរនៅតាមទីជនបទ ដែលមានជីវភាពគ្រួសារខ្វះខាត និងក្រខ្សត់នោះ ធ្វើការចំណាកស្រុកដោយខុសច្បាប់ ព្រោះវាមានភាពប្រថុយប្រថានជាច្រើន ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

សម្តេចបន្តថា សព្វថ្ងៃនេះ ការងារនៅក្នុងប្រទេសគឺមានច្រើន ត្រូវការកម្លាំងពលកម្ម ដែលនាពេលបច្ចុប្បន្ន កម្ពុជាខ្វះកម្លាំង ពលកម្មយ៉ាងពិតប្រាកដ ហើយខណៈ ដែលកំពុងខ្វះ កម្លាំងពលកម្មនេះ បែរជាមានប្រជាជនធ្វើចំណាក ស្រុក ដោយប្រថុយប្រថាន និងគ្រោះថ្នាក់ តាមរយៈការចាញ់បោកមេខ្យល់ ហើយបញ្ហានេះ ក៏វាធ្វើឲ្យ មានការលំបាក ដល់ប្រទេសដែលទទួលពលករ ខុសច្បាប់ផងដែរ។

សម្តេចក៏បានលើកឡើងឲ្យមានការប្រកួតប្រជែង នៃបណ្តារោងចក្រ សហគ្រាស នៅកម្ពុជាទាក់ទងទៅនិង ប្រាក់ខែ កន្លែងស្នាក់នៅ បញ្ហាសុខភាព និងលក្ខខណ្ឌការងារ ហើយប្រសិនបើ ប្រាក់ខែតិចកម្មករឈប់ធ្វើ ការទៅរកការងារកន្លែងផ្សេង រោងចក្ររលំកុំបណ្តោសរាជរដ្ឋាភិបាល ពីព្រោះនេះជាការប្រកួតប្រជែង។

យោងតាមសារព័ត៌មាន ខាវស៊ុតថៃ នៅថ្ងៃ ពុធ ទី ១២ ខែ ធ្នូ នេះបានឲ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជា ដែលត្រូវធ្វើជាតិពន្ធ ចំនួន ២២២.៤៣០ នាក់ ហើយពលករដែលធ្វើជាតិពន្ធរួចរាល់មានចំនួន ៥៦.៧៧៦ នាក់ និង អ្នកនៅសល់ ១៦៥.៦៥៤ នាក់ ដែលចំនួនទាំងនឹងមិនអាច ដំណើរការ ធ្វើជាតិពន្ធបន្តទៀត ទាន់ពេលវេលាបាន ដូច្នេះ ក្រសួងការងារថៃ បានស្នើឲ្យភាគីកម្ពុជា ត្រៀមទទូលយកពលករកម្ពុជា ដែលគ្មានលិខិតស្នាម ត្រឹមត្រូវ៕

ដោយ៖ ហេង នាង

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើងថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ (រូប dap) ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ (រូប dap) ។

Related Articles

Back to top button
Close
Close