សមត្ថកិច្ច​ឃាត់​ខ្លួន​ចោរ​ឆក់​ខ្សែ​ក​ ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់​

 

ភ្នំពេញ៖ ចោរឆក់ខ្សែកម្នាក់ ក្នុងចំណោមគ្នា ២ នាក់ ត្រូវបានកំលាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេតាមឆក់ខ្សែកពេជ្រពីអ្នកគ្រូពេទ្យម្នាក់ មិនបានសម្រេច ដោយសាតែអ្នកបើកម៉ូតូកង់បី ដែលដឹកជនរងគ្រោះបានកាច់ចង្កូតកៀរម៉ូតូក្រុមជន ល្មើសអោយដួល។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៣ រសៀល ថ្ងៃទី០៦ ធ្នូ ២០១២ នៅចំណុចក្បែរសណ្ឋាគារវើលស្តា ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចោរឆក់ម្នាក់ ដែលត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ នោះ ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៤A ផ្លូវលេខ៤៣៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដែលជិះធ្វើសកម្មភាព ម៉ាក C125 ស៊េរី២០១៣ គ្មានស្លាកលេខ ១ គ្រឿង ផងដែរ។

ជនរងគ្រោះឈ្មោះ ថោង សូលីម ភេទស្រី អាយុ ៤៦ ឆ្នាំ ជាវេជ្ជបណ្ឌិត ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ មិនត្រូវបាត់ខ្សែកពេជ្ររបស់គាត់ឡើយ ដោយគ្រាន់តែដាច់ធ្លាក់ហើយរើសបានមកវិញ។

ប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងស្ត្រីម្នាក់ទៀត បាននាំគ្នាជិះម៉ូតូកង់បីចេញពីផ្ទះរបស់គាត់ ឆ្ពោះមកបំរើការងារនៅមន្ទីរពេទ្យកាល់ម៉ែត លុះពេលធ្វើដំណើរមកដល់ចំណុចខាងមុខសណ្ឋាគារវើលស្តារ ក៏ត្រូវក្រុមជនល្មើស ២ នាក់ តាមធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែករបស់ជនរងគ្រោះ តែមិនបានសម្រេច ដោយសារតែបុរសអ្នករត់ម៉ូតូកង់បី ឈ្មោះ ខាត់ ដារ៉ា អាយុ ៣៨ ឆ្នាំ គាត់កាច់ចង្កូតកៀរម៉ូតូក្រុមចោរឆក់អោយដួល។

ក្រោយមកប៉ូលិសមូលដ្ឋានចុះមកដល់កន្លែងកើតហេតុអន្តរាគមន៍ចាប់ឃាត់ជនល្មើសម្នាក់ ដែលឃាត់ខ្លួនបាននោះ បញ្ជូនទៅប៉ុស្តិ៍នគបាលវត្តភ្នំ រួចហើយនាំទាំងជនល្មើស និងអញ្ជើញជនរងគ្រោះមកសហការដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ និងដើម្បីស្វែងតាមចាប់ជនល្មើសដែលរត់គេចម្នាក់ទៀត៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close