អ៊ីស្រាអែល​ផ្គើន​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​សាងសង់​តំបន់​អាណានិគមកិច្ច

អ៊ីស្រាអែលបានបង្ហាញជំហរមិនចុះញ៉មនឹងការដាក់សម្ពាធពីប្រទេសលោកខាងលិចនិងអង្គការសហប្រជាជាតិ។នៅថ្ងៃអង្គារនេះប្រទេសអូស្ត្រាលីបាន ចូលរួមជាមួយប្រទេសនៅអឺរ៉ុប អាមេរិក និងរុស្ស៊ី ដើម្បីប្រឆាំងនឹងនយោបាយពង្រឹងតំបន់អាណានិគមកិច្ចរបស់រដ្ឋ អ៊ីស្រាអែល។ កាលពីថ្ងៃសុក្រកន្លងទៅ អ៊ីស្រាអែលបានបង្ហាញពីគម្រោងផ្តល់សិទ្ធិសាងសង់លំនៅឋានបន្ថែម នៅក្នុងតំបន់អាណានិគមកិច្ចរបស់ខ្លួន ក្នុងតំបន់Cisjordanie។

ការប្រកាសរបស់រដ្ឋអំណាចអ៊ីស្រាអែល ក្នុងការផ្តល់សិទ្ធិសាងសង់បន្ថែមនូវលំនៅឋានចំនួន៣០០០ ក្នុងតំបន់អាណានិគមកិច្ច ក្នុងតំបន់Cisjordanie បាន ធ្វើឲ្យសហគមន៍អន្តរជាតិទើសទាល់ និងថ្កោលទោសជាបន្តបន្ទាប់។ បារាំង អង់គ្លេស អេស្ប៉ាញ ស៊ុយអែតជាដើមបានកោះហៅអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសខ្លួន ឲ្យបកស្រាយពីនយោបាយមិនរំពឹងទុកមុនរបស់រដ្ឋាភិបាលអ៊ីស្រាអែល។ រុស្ស៊ី អាល្លឺម៉ង់ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានបង្ហាញមតិជំទាស់នឹង ផែនការសាងសង់លំនៅឋានថ្មីរបស់អ៊ីស្រាអែលដែរ។

ចំណែកអាមេរិកវិញដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានទាមទារឲ្យថ្នាក់ដឹកនាំអ៊ីស្រាអែលពិចារណាឡើងវិញពីនយោបាយរបស់ខ្លួន។តាមអ្នកនាំពាក្យ របស់សេតវិមាន នយោបាយឯកតោភាគីរបស់អ៊ីស្រាអែលលើកនេះ មិនបានចូលរួមក្នុងន័យស្ថាបនាទេ ប៉ុន្តែ ផ្ទុយទៅវិញ វានឹងបង្កឲ្យការចរចា ដើម្បី សន្តិភាពនៅតំបន់ដើមបូព៌ារឹតតែលំបាកជាងមុន។ រហូតមក អាមេរិកបានដើរតួនាទីសម្របសម្រួលបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែការ ចរ ចារាល់លើកតែងតែបរាជ័យ។

នៅចំពោះមុខការដាក់គំនាបពីសហគមន៍អន្តរជាតិ អ៊ីស្រាអែលនៅតែមានអស្មិមានះ។ កាលពីថ្ងៃចន្ទម្សិលមិញនេះទៀត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីស្រា អែល បានបញ្ចប់ការតវ៉ា ដោយបានប្រកាសថា អ៊ីស្រាអែលគ្រោងនឹងអនុញ្ញាតឲ្យគេចាប់សាងសង់បន្តលំនៅឋានប្រមាណ ១៦០០ខ្នង នៅក្នុងតំបន់ Ramah Shlomo។ដោយពិតទៅគម្រោងសាងសង់លំនៅឋានក្នុងតំបន់អាណានិគមកិច្ច Ramah Shlomoត្រូវបានផ្អាកតាំងពីឆ្នាំ២០១០មកម្ល៉េះ គឺចាប់តាំងពី ពេលដែលអនុប្រធានាធិបតីអាមេរិក លោកJoe Biden បានទៅទស្សនកិច្ចនៅអ៊ីស្រាអែល។គួររំលឹកថា អ៊ីស្រាអែលបានបង្កើត តំបន់អាណានិគមកិច្ចក្នុង តំបន់Ramah Shlomo និងតំបន់ភាគខាងកើតទីក្រុងJérusalum ដែលខ្លួនបានភ្ជាប់មកជាទឹកដីរបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧។ អង្គការសហប្រជា ជាតិ បានប្រកាសមិនទទួលស្គាល់ និង ថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពរំលោភច្បាប់របស់អ៊ីស្រាអែល។

ភាគីប៉ាឡេស្ទីនវិញ មានការបារម្ភខ្លាំង ពីអនាគតបង្កើតរដ្ឋរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការសហប្រជាជាតិទើបតែបានអនុម័តទទួល ស្គាល់ប៉ាឡេស្ទីន ជារដ្ឋសង្កេតការណ៍ឯករាជ្យ។

គេមើលឃើញថា អ៊ីស្រាអែលបានសងសឹកនឹងប៉ាឡេស្ទីនដែលហ៊ានទាមទាររហូតបានសម្រេច ជារដ្ឋសង្កេតការណ៍របស់អង្គការសហប្រជាជាតិ។ សង សឹកនឹងប៉ាឡេស្ទីន ដោយអ៊ីស្រាអែលប្រកាសផ្តល់សិទ្ធិសាងសង់លំនៅឋានថ្មីនៅក្នុងតំបន់ដែល ប៉ាឡេស្ទីន កំពុងទាមទារគ្រប់គ្រងដែរ។ សម្រាប់ប៉ាឡេ ស្ទីន ការពង្រឹងតំបន់អាណានិគមកិច្ច ក្នុងតំបន់ចម្រូងចម្រាស់ Cisjordanie និងនៅភាគខាងកើតទីក្រុងJérusalum ដែលកាន់កាប់ដោយអ៊ីស្រាអែល នឹងធ្វើ ឲ្យគេពិបាកនឹងបង្កើតរដ្ឋប៉ាឡេស្ទីន ព្រោះថា តំបន់រស់នៅរបស់ប្រជាជនប៉ាឡេស្ទីនត្រូវបានអ៊ីស្រាអែលឈ្លានពាន បន្តិចម្តងៗ មកធ្វើជាទឹកដីរបស់ខ្លួន៕ ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close