បើករថយន្តទាញចង្កូតបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង
ភ្នំពេញ ៖ រថយន្តលុចស៊ីសRx300 មួយ គ្រឿងមានបញ្ហាផ្នែកប្រព័ន្ធចង្កូត ត្រូវបានម្ចាស់រថយន្តហៅជាងឲ្យបើកចេញពីផ្ទះដើម្បីយកទៅជួសជុល ប៉ុន្តែនៅពេលបើកមកដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទាញចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់ដួលរាបដល់ដី អស់ចំនួន៥ផ្ទាំងតែម្ដង។
ភ្លាមៗនោះសមត្ថកិច្ចបានមកស្ទូចយករថយន្តនេះទៅរក្សាទុកសិនរង់ចាំឲ្យម្ចាស់ចូលខ្លួន សងថ្លៃការខូចខាតដែលរថយន្តនេះបង្កឡើង
ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៤ ធ្នូ ២០១២ នៅតាមផ្លូវសហព័ន្ធរុស្សីត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
រថយន្តបង្កម៉ាកលុចស៊ីសRx300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P-8819 បើកបរដោយបុរសឈ្មោះ ចិន ធា អាយុ២៩ឆ្នាំជាជាងជួសជុលរថយន្តមានស្រុកកំណើតនៅភូមិកណ្ដាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម៕
ដោយ៖ ហេង នាង