បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​២​នាក់​ស្លាប់​​

កណ្តាល៖ បុរសម្នាក់ជិះម៉ូតូ SL មួយគ្រឿង បើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក មនុស្សពីរនាក់ដែលកំពុងដើរ កៀកគ្នា ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ទាំងពីនាក់ កាលពីវេលា ម៉ោង ១៩និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិ កោះក ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមមន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះទាំងពីនាក់មានឈ្មោះទី១ ឈ្មោះ ស សូរនី ភេទប្រុស អាយុ៣១ឆ្នាំ និងទី២ឈ្មោះ សួស សាវិធ ភេទប្រុស អាយុ២៩ឆ្នាំ បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។ អ្នកទាំងពីរនាក់នេះមានទីលំនៅភូមិឃុំខាងលើ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ឈ្មោះ ហួត តុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានឹងជនរងគ្រោះ។

បើតាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូ SL បានជិះម៉ូតូយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ ២១A ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់កន្លែងកើតហេតុខាងលើ មានរោងការមួយកន្លែងនៅចំហៀងផ្លូវខាងជើង ពេលនោះបុរសឈ្មោះ ហួត តុង មិនបានបន្ថយល្បឿន ក៏ទៅបុកនឹងបុរស២នាក់ដែលជាជនរងគ្រោះបណ្តាលឲ្យប៉ើងចំងាយ៣ម៉ែត្រ ហើយបាក់កស្លាប់ភ្លាមម្នាក់ រីឯម្នាក់ទៀតស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្នម៉ូតូម៉ាក SL និងជនបង្កហេតុត្រូវបានបញ្ជូនទៅយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close