យុវជន​២​នាក់​ត្រូវ​ជាប់​ឃុំ​ពី​បទ​នាំ​ក្មេង​ស្រី​ជំ​ទង់​ទៅ​រួម​ភេទ​

ភ្នំពេញ ៖ កាលពីថ្ងៃទី២ ធ្នូ ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជន២នាក់ពាក់ព័ន្ធពីបទនាំក្មេងស្រីជំទង់ពីរនាក់ចេញ ដោយមិនស្របច្បាប់ទៅរួមភេទ  ហើយត្រូវអាណាព្យាបាលជនរងគ្រោះប្តឹង ។

យុវជនដែលជាប់ឃុំទាំងពីរនាក់ ទី១ឈ្មោះឆាង វណ្ណៈ ហៅស្រួច អាយុ១៨ឆ្នាំ  មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងកាត់ដេរសម្លៀកបំពាក់ និងម្នាក់ទៀតឈ្មោះថន រ៉ាវី ហៅអា.កដប ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា តាមចម្លើយសារភាពរបស់ឈ្មោះឆាង វណ្ណៈ បានបញ្ជាក់ថា រូបគេបានស្គាល់នាងស.ស.ម អាយុ១៤ឆ្នាំ តាំងពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំកន្លងមក។ ក្រោយមកក៏មានការទំនាក់ទំនងស្នេហាស្រឡាញ់គ្នាធ្វើជាសង្សាររហូត និងមានពេលខ្លះបានសន្យាថា នឹងចូលស្តីដណ្តឹងនាងធ្វើជាគូអនាគតទៀតផង ។

លុះថ្ងៃទី២៨ វិច្ឆិកា រូបគេបានទៅបបួលនាងដើរលេងក្នុងពិធីបុណ្យអុំទូក ក៏ជ្រុលដល់ពលយប់ជ្រៅ ទើបបាននាំគ្នាទៅជួលផ្ទះសំណាក់ដេកមួយយប់…ពេលនោះហើយបណ្តាលឱ្យពួកគេមាន ឱកាសបានរួមរ័ក្សជាមួយគ្នា។

រីឯឈ្មោះថន រ៉ាវី ក៏ដូចគ្នានឹងឈ្មោះឆាង វណ្ណៈ ដែរ នៅវេលាម៉ោង២ និង៣០នាទីរសៀលបានទៅបបួលនាងម.ស.ន អាយុ១៣ឆ្នាំ ចេញពីផ្ទះនៅស្ទឹងមានជ័យដើរេលងបុណ្យអុំទូករហូតជ្រុលដំណើរនាំគ្នាទៅដេកផ្ទះ សំណាក់បានខ្លួនប្រាណគ្នាហើយត្រូវឪពុក ម្តាយគេឱ្យចាប់ឃាត់ខ្លួន ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close