រថយន្តហ៊ីណូកិនបុរសម្នាក់ស្លាប់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម ខណៈដែលរូបគេជិះ ម៉ូតូម្នាក់ឯង ហើយត្រូវរថយន្តហ៊ីណូមួយគ្រឿងបើកបរបុកពីក្រោយពេញទំហឹងនៅតាម បណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២២ និង ១៥ នាទីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១២ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ស៊ីថាន ភេទប្រុស អាយុ ២៧ ឆ្នាំជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តស្វាយរៀង និងបានជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C 8432 បានជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយ ផ្លូវវេងស្រេង ពេលជិះមកដល់ចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យស្រាប់តែមានរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A 0103 បានបើកបរក្នុងល្បឿនលឿនរួចជ្រុលចង្កូតបុក បុរសឈ្មោះ ម៉ៅស៊ីថាន ពីក្រោយពេញទំហឹងតែម្តង ខណៈរថយន្តហ៊ីណូមិនបានឈប់រថយន្តទេបានបើករត់គេចខ្លួនក៏បណ្តាលឲ្យ កិនបុរសជាម្ចាស់ម៉ូតូវីវ៉ា ឈ្មោះ ម៉ៅ ស៊ីថាន បាក់ចង្កេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំណែករថយន្តបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោក រាជធានីភ្នំពេញ ចាត់តាមនិតីវិធីច្បាប់៕
ដោយ៖ ហេង នាង