ស្រ្តីមានផ្ទៃពោះ ៧ខែម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់ខ្សែក
ភ្នំពេញ៖ កាលពីវេលា ម៉ោង០៨និង៣០នាទី ព្រឹក ថ្ងៃទី៣០ វិច្ចិកា ២០១២ នៅក្នុងផ្សារដីហុយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រ្តីមានផ្ទៃពោះ ៧ខែម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើ សកម្មភាព ឆក់ខ្សែក ប៉ុន្តែខ្សែក ត្រូវបានស្រ្តីសង្ស័យរូបនេះបានរំដោះឲ្យ ក្មេងប្រុសម្នាក់ទៀត យកទៅបាត់ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលដែល សមត្ថកិច្ចសាកសួរ ស្ដ្រីសង្ស័យសារភាពថា ខ្លួនមានឈ្មោះ គន់ ឆវី អាយុ១៩ឆ្នាំ ស្នាក់នៅ ក្នុងវត្ដនាគវ័ន ជាមួយ ជីដូនឈ្មោះ សំ ណាង អាយុ៨០ឆ្នាំ។
ជនរងគ្រោះមានឈ្មោះ ជឿន សុភក្ដ្រ័ អាយុ៣៤ឆ្នាំ ជាម្ដាយ និងកូនស្រី អាយុ០៦ខែម្នាក់ ។ ជនរងគ្រោះ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកំណើត នៅភូមិវាល ឃុំពាមប្រធ្នួស ស្រុកកោះសុទិន្ទ ខេត្ដកំពង់ចាម។
តាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យ ដឹងថា មុនកើតហេតុ គាត់បានបី កូនស្រីដែល ពាក់ខ្សែក ផ្លាទីន ទម្ងន់២ជីកន្លះ ទៅផ្សាដីហុយ។ ហើយពេល ដែលកំពុងទិញ ឥវ៉ាន់ស្រាប់តែ កូនដែលបីនឹង ដៃស្រែកយំ ពេលនោះ អ្នកលក់ក៏សែកថា ចោរឆក់ខ្សែក កូនហើយ ទើបគាត់សង្ស័យលើស្រ្តី ពោះធំ នៅឈរក្បែរក៏ដេញតាមចាប់ហើយប្រគល់ឲ្យនគរបាលដែលនៅក្បែរនោះ។
ចំណែកខ្សែក ជនសង្ស័យ បានឆ្លើយថា បានប្រគល់ឲ្យ ក្មេងប្រុសម្នាក់ទៀត បាត់ហើយ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ៕
ដោយ៖ ហេង នាង