ការ​រួម​គ្នា​ជួយ​កាក់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ដោយ ​លីម ​ម៉េង​អ៊ី

បើ​ទោះ​បី​ជា​រហូត​មក​ដល់​ឆ្នាំ​ ២០១១ ​​អង្ការ ​GIZ ​និងក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ ក៏​​ប្រទេស​កម្ពុជា​នៅ​តែ​ចាត់​ទុក​បញ្ហា​នេះ​ជា​ជំងឺ​សង្គម​ដ៏​រាំរៃ​មួយ​។​

លោក​ស្រី​​ គា ​​សុផល ​​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​សមាគមអាដហុក​​បាន​បង្ហាយ​ថា​ នៅ​ឆ្នាំ​២០១១​ មាន​អំពើហិង្សា​ប្រមាណ ​៤៣៦​ ករណី​​ហើយ​ក្នុង​នោះ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​។

លោកស្រី​ បាន​បន្តថា​ ​មិនមែន​តែ​អាជា្ញធរ ​ឬ ​មេឃុំ​ទេ ​ដែល​មាន​តួនាទី​ទប់ស្កាត់​អំពើ​ហឹង្សា​​នោះ​​ តែ​ប្រជាពលរដ្ឋ​ក៏​អាច​ចូលរួម​ទប់ស្កាត់​អំពើ​ហឹង្សាបានដែរ ​ដោយ​គ្រាន់​តែ​ពួកគេ​ចែក​រំលែក​ចំណេះ​ដឹង​​បទ​ពិសោធន៏ ​នឹង​ច្បាប់​ស្តី​ពី​អំពើ​ហឹង្សា​ទៅ​កាន់​គ្រួសារ​ដែល​រងគ្រោះ​ នោះ​ក៏​អាច​ហៅ​ថា​ដើរ​តួ​ជា​មន្រ្តី​អាជា្ញធរ​ផង​ដែរ។

កន្លង​​មក ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​សូវ​អើពើ​អំពី​រឿង​ជួយ​អប់រំ​ ឬ​ ណែនាំ​គ្រួសារ​រងគ្រោះ​ទេ ​ពោល​គឺ​គេ​គិត​ថា​មិន​ចង់​ចេះ​ចង់​ដឹង​រឿង​គ្រួសារ​គេ​។ ផ្នត់​គំនិត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មិន​មាន​ការ​រីក​ចំរើន​។

អង្គការ​សង្គមស៊ិវិល ក្រសួង​កិច្ចការ​នារី​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ បាននិងកំពុង​ខិតខំ​ចែក​រំលែក​ និង​បញ្រ្ជាប​ប្រជាជន​ចំណេះ​ដឹង​អំពី​អំពើ​ហិង្សានេះ​ ដើម្បីឲ្យពួកគេអាច​​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ និង​ចេះ​ជួយ​គ្នា​នៅ​ពេល​ដែល​គ្រួសារ​មួយ​ជូប​បញ្ហា​នេះ​។

ទាក់ទិននឹងបញ្ហាហិង្សាលើស្រ្តីនេះដែរ លោក​ស្រី​ រស់​ សុភាព​ នាយិការ​ប្រត្តិបត្តិ​អង្គការយេនឌ័រ​និង​ការ​អភិវឌ្ឃន៏​ប្រទេស​កម្ពុជា​មាន​ប្រសាសន៏​ថា​ “កិច្ច​អភិវឌ្ឃន៏​របស់​សាកល​លោក​ និង​ប្រទេស​កើត​មក​ពី​ស្រ្តី ​ដូច្នេះហើយ​ទី​ណា​មាន​អំពើ​ហិង្សា​លើ​ស្រ្តី​ ទីនោះ​ត្រូវ​តែ​មាន​ការ​រើ​បំរាស់​។”

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាល​ពី ថ្ងៃ​ទី ១៦​ និង​១៧ ​ខែ ​មករា​ ឆ្នាំ​ ២០១២​ មាន​វគ្គ​បណ្តុះ​បណ្តាល​មួយ​ស្តី​អំពី​ “​ការ​ស្វែង​រក​មតិ​គាំទ្រ​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តាម​រយៈ​សារព័ត៌មាន​បែប​ចាស់​និង​សារ​ព័ត៌មាន​បែបថ្មី​” ​ដែលបាន​រៀបចំ​ឡើង​​ដោយអង្គការព័ត៌មាន Cambodia News ក្រោមការឧបត្ថម្ភពី​អង្គការ​ Trocaire​ ដល់ក្រុមអ្នកសារព័ត៌មាន និងនិស្សិត​សារព័ត៌មាន សរុបចំនួន ១៥ នាក់។

វគ្គនេះមានគោលបំណងបង្កើន​ការ​យល់ដឹង​ដល់អ្នកចូលរួមពីបញ្ហា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ពួកគេ​អាចជួយ​បញ្រ្ជាប​ចំណេះ​ដឹង​នេះ​បន្តទៅសាធារណជន ដែល​ជាការ​រួម​ចំណែកទប់ស្កាត់អំពើហឹង្សានៅក្នុងប្រទេស៕

Related Articles

Back to top button
Close
Close