រថយន្តកាមរីហាយប្រីតបើកបុករថយន្តប៉ាហ្យេរ៉ូជ្រុលទៅបុករះតុកៅអីក្នុងហាងផឹកស៊ីលើចិញ្ចឹមផ្លូវខូចខាតអស់ជាច្រើន
ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីត១គ្រឿងបានបើកយ៉ាងលឿនទៅជាមួយរថយន្តប៉ាហ្យេរ៉ូ ដែលបើកបរច្រាស់គ្នាយ៉ាងពេញទំហឹង បណ្តាលអោយ ឡើងលើចិញ្ចើមផ្លូវជ្រុលចូលទៅក្នុងហាងផឹកស៊ីមួយនៅលើចិញ្ចើមដោយបុករះតុកៅអី ខូចខាតអស់ជាច្រើន។ ក្នុងករណីនេះមិនមានមនុស្សណាម្នាក់រង គ្រោះថ្នាក់ឡើយ គឺគ្រាន់តែខូចខាតរថយន្តធ្ងន់ធ្ងរនិងតុកៅអីនៅក្នុងហាងប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីរាត្រីថ្ងៃទី២៤ វិច្ឆិកា ២០១២ វេលាម៉ោង១០និង២០នាទីនៅចំណុចមុខសណ្ឋាគារ ឡុងប៊ិចផ្លាហ្សាតាមបណ្តោយផ្លូវគឹមអ៊ីលស៊ុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
រថយន្ត ដែលបោលបុកហាងផឹកស៊ីតាមចិញ្ចើមផ្លូវមួយគ្រឿងនេះជាប្រភេទរថយន្ត កាមរីហាយប្រីតស៊េរី២០០៧ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2T -3318បើកបរដោយបុរសម្នាក់ឈ្មោះនង រ៉ានី អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីក្រសួងកសិកម្ម នាយកដ្ឋានរដ្ឋបាលព្រៃឈើ ស្នាក់នៅភូមិ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ឯរថយន្តប៉ាហ្សេរ៉ូពណ៌ទឹកប្រាក់ លាយខៀវពាក់ស្លាកលេខភ្នំពេញ2F -0218បើកបរដោយបុរសម្នាក់ឈ្មើ អ៊ិត វាសនា អាយុ៣៥ឆ្នាំមុខរបរជាទីប្រឹក្សា សម្តេចជា ស៊ីម ស្នាក់នៅផ្ទះលេខ៥៥៩ផ្លូវ៦៥សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកប៉ាហ្សេរ៉ូបើកបរតាមបណ្តោយ ផ្លូវគឹមអ៊ិលស៊ុង(289)ក្នុងទិសដៅពីត្បូងមកជើង លុះបើកបរមកដល់ចំណុចកើតហេតុក៏បានបត់រថយន្តមកឆ្វេងដៃឆ្លងផ្លូវក្នុងគោល បំណងចូលមក
សណ្ឋាគារ ផ្លាហ្សា។ ប៉ុន្តែក្នុងខណៈពេលកំពុងតែបត់នោះក៏ស្រាប់តែរថយន្តកាមរីហាយប្រីត១ គ្រឿងបើកបរបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវគឹមអ៊ិលស៊ុងក្នុងទិសដៅពី ជើងមកត្បូង មកដល់ហើយក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។ តែដោយរថយន្តហាយប្រ៊ីតនៅតែមានល្បឿននោះទើបធ្វើអោយរថយន្តឡើងទៅលើ ចិញ្ចើមផ្លូវទៅបុករះហាងផឹកស៊ីតាមចិញ្ចើមផ្លូវយីយោ អយស្ទ័រផ្លាហ្សាបន្តទៀត។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានប៉ូលិសបញ្ជូនមករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់បន្តទៀត៕
ដោយ៖ ហេង នាង