យុវជន​ម្នាក់​ត្រូវ​បាន​អ្នក​រត់​ម៉ូតូ​ឌុប​និង​អ្នក​ដំណើរ​វាយ​ទ្រម​ខ្លួន​ហើយ​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លូក​យក​កាបូប​ដៃ​ក្នុង​រថយន្ត​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៧និង៤០នាទី ល្ងាចថ្ងៃទី២៤ វិច្ឆិកា ២០១២ យុវជនម្នាក់ត្រូវ បានអ្នករត់ម៉ូតូឌុបនិងអ្នកដំណើរចាប់ខ្លួនប្រគល់ ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងត្របែក បន្ទាប់ពីយុវជនរូបនោះធ្វើសកម្មភាពលូកយកកាបូបដៃក្នុងរថយន្ត នៅចំណុចមុខផ្ទះលក់ តុទូ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ សុខ ជា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣។ ចំណែកឯម្ចាស់កាបូបមានឈ្មោះ ឡាយ ចំរី ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញឈ្មោះ សុខ ជា បានជិះ ម៉ូតូ មកឈប់អែបរថយន្តស្ត្រីរងគ្រោះដែលឈប់នៅចំណុចមុខផ្ទះលក់តុទូ ស្ថិតនៅតាម បណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ដោយឃើញក្នុងរថយន្តមានកាបូប យួរមួយក៏ធ្វើសកម្មភាពបើកទ្វាររថយន្តលូកយកកាបូប ខណៈនោះ ម្ចាស់កាបូបឃើញ ទាន់ស្រែក ហើយត្រូវប្រជាពលរដ្ឋនៅក្បែនោះព័ទ្ធចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថ កិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាល ខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការចោទប្រកាន់ទោស៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close