ស្រលាញ់ប្តីគេពេលប្រពន្ធគេទាន់ខ្មាស់ខ្លួនឯងសំរេចលោតទឹកសម្លាប់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅចំណុច ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មាននារីម្នាក់បានលោតទឹកប៉ងធ្វើអត្តឃាតខ្លួនឯងដោយសារលួចមានសេ្នហា ជាមួយប្តីគេ ហើយត្រូវបានប្រពន្ធដើមដឹង ក៏សំរេចចិត្តទៅលោតទឹក សម្លាប់ខ្លួនក្នុងរណ្តៅមួយ។
បើតាមប្រភពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលប៉ងធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ស្រី យ៉ា អាយុ២៣ឆ្នាំ មុខរបរជាស្ត្រីបំរើការងារក្នុងខារ៉ាអូខេរស្មីភ្នំពេញ ស្នាក់នៅទីតាំងខាងលើ។ មុនពេលកើតហេតុអ្នកជិតខាងដែលរស់នៅក្បែរផ្ទះរបស់នាងបានឲ្យដឹង ទៀតថា នាងបានទៅផឹកទឹកត្នោតជូរជាមួយនឹងមិត្តភក្តិហើយបន្ទាប់ពីផឹកស្រវឹង នាងបានដើរមកលោតទឹកសម្លាប់ខ្លួននៅក្នុងរណ្តៅដីដែលមានទីកជម្រៅ ១៧ម៉ែត្រ។
ការសំរេចចិត្តលោតទឹកសម្លាប់ខ្លួននេះបង្កឡើងដោយសារតែនាងខ្មាសអៀនឹង ខ្លួនឯង ហើយតូចចិត្តដែលប្រពន្ធដើមរបស់បុរសដែលនាងស្រលាញ់មករករឿងរូបនាង តែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនបានសំរេចទេ ដោយសារប្រជាពលរដ្ឋ និង អ្នកជិតខាងឃើញ បានចុះជួយស្រង់នាងចេញពីទឹកទាន់ពេលវេលា ទើបរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ៖ ហេង នាង