សម្តេចហ៊ុន សែន គាំទ្រចិន ជប៉ុន កូរ៉េ ដែលចូលរួមយ៉ាងសកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការអាស៊ានបូក៣
ភ្នំពេញ៖ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ នារសៀលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រទេសចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន បូកបី។ ក្នុងនេះ មានរួមបញ្ចូលផងដែរ លើភាពជាដៃគូ ធ្វើការតភ្ជាប់ទំនាក់ទំនង និងការកាសាងសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ា នាឆ្នាំ២០២០ ដូចដែលក្រុមចក្ខុវិស័យអាស៊ីបូកពីរ បានស្នើឡើង។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា សំឡឹងឆ្ពោះទៅមុខ ការបន្តគាំទ្ររបស់ប្រទេសបូកបី គឺពិតជាមានសារៈសំខាន់ សម្រាប់អាស៊ាន ពិសេសក្នុងការអនុវត្ត “របៀបវារៈភ្នំពេញ” ដែលត្រូវបានអនុម័ត ដោយថា្នក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ នាខែមេសា ឆ្នាំ២០១២ កន្លងទៅ។
ព្រមជាមួយនេះ សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រទេសបូកបី ដែលបានគាំទ្រអនុវត្តគម្រោងអាទិភាព នៃផែនការមេស្តីពីការតភ្ជាប់ ពិសេសតាមរយៈការបង្កើតក្រុមការងារជប៉ុន និងគណៈកម្មការការងារចិន តភ្ជាប់អាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែងនេះ។
សូមជម្រាបថានៅម៉ោង ១២ និង ៣០ នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ កិច្ចប្រជុំកំពូលអាស៊ាន បូក ៣ ដែលរួមមាន ចិន ជប៉ុន និងកូរ៉េ បានចាប់ផ្តើមកិច្ចប្រជុំ ដោយមានវត្តមានរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រទេសអាស៊ាន ទាំង ១០ ប្រទេស និងនាយករដ្ឋមន្ត្រី ចិន ជប៉ុន និងកូរ៉េខាងត្បូង។ មេដឹកនាំកំពូលអាស៊ាន បូក ៣ ត្រូវពិភាក្សាលើវារៈសំខាន់ៗ ចំនួន ៣ គឺទី១-ការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការ អាស៊ាន បូក ៣។ ទី២-ការផ្លាស់ប្តូរទស្សនក្នុងតំបន់ និងអន្តរជាតិ និងទី៣-បញ្ហាផ្សេងៗ។
ក្នុងពេលបើកកិច្ចប្រជុំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលេចឡើងវិញខ្លះៗលើដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក បី ដែលបានចាប់ផ្តើមក្រៅផ្លូវការ នៅឆ្នាំ១៩៩៧ ហើយត្រូវបានស្ថាបនាឲ្យចេញជារូបរាងផ្លូវការនៅឆ្នាំ១៩៩៩ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី ក្នុងគោលដៅឆ្លើយតបទៅនឹងប្រែបរិយាកាសក្នុងតំបន់ និងពិភពលោក ព្រមទាំងបញ្ហាប្រឈមនានា ដែលបានកើតឡើងព្រមគ្នា នាពេលថ្មីៗនេះ។ លើមូលដ្ឋាននៃការប្តេជ្ញាចិត្តរួមគ្នា យើងបានពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ជាបន្តបន្ទាប់ រហូតដល់ដំណាក់កាលនៃការដាក់ចេញនូវនៃផែនការការងារសហប្រតិបត្តិការ អាស៊ានបូកបី២០០៧ -២០១៧ និងសេចក្តីប្រកាសរួមលើកទី២នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកពី នៅឆ្នាំ២០០៧ និងខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលបានផ្តល់បន្ថែមនូវផែនការយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងសម្រាប់ការស្ថាបនាសហគមន៍អាស៊ីបូព៌ា នាពេលអនាគត ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល ១៥ ឆ្នាំ កន្លងផុតទៅនេះ អាស៊ានបូកបី កំពុងដំណើរការកិច្ចសហប្រតិបត្តិការរបស់ខ្លួន ឲ្យកាន់តែស៊ីជម្រៅ ដែលបានគ្របដណ្តប់លើ ៦៦ ស្ថាប័ន និង ២២ វិស័យ រាប់ចាប់តាំងពីវិស័យនយោបាយ និងសន្តិសុខទៅដល់វិស័យសេដ្ឋកិច្ច-ហរិញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់នឹងសង្គមវប្បធម៌។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា យើងពិតជាមានសេចក្តីរីការរាយការសម្រេចបាននូវវឌ្ឍនភាព និងសមទ្ធិផលធំៗ លើគ្រប់វិស័យ នាពេលកន្លងមកនេះ គួរកត់សម្គាល់ថា ប្រទេសបូកបីនីមួយៗ បានក្លាយជាដៃគូយុទ្ធសាស្ត្ររឹងមាំរបស់អាស៊ាន។ ប្រការនេះ បានចូលរួមចំណែកឲ្យយើងសម្រេចបានកិច្ចសហប្រតិបត្តិការយ៉ាងល្អ នៅក្នុងក្របខណ្ឌវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សំដៅធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។
សម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងបរិការបច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ច និងហរិញ្ញវត្ថុសកល ដែលនៅមានភាពផុយស្រួយ ដោយសារវិបត្តិបំណុលនៅតំបន់អឺរ៉ុប និងការងើបឡើងវិញយឺត នៃសេដ្ឋកិច្ចអាមេរិក គឺជាបញ្ហាប្រឈមដ៏ចម្បង សម្រាប់ប្រទេសបូកបី និងអាស៊ាន។ ក្នុងគោលដៅធានាស្ថិរភាព និងភាពរឹងមាំនៃសេដ្ឋកិច្ច ដោយមន្ត្រីហិរញ្ញវត្ថុអាស៊ាន បូកបី បានមកជួប្រជុំគ្នាកាលពីខែឧសភា កាលពីឆ្នាំ២០១២កន្លងទៅ ហើយបានដាក់ចេញនូវការសម្រេចដ៏សំខាន់ ក្នុងការពង្រីកមូលនិធិនៃយន្តការពហុភាគីភាវូបនីយកម្មនៃគំនិត ផ្តួចផ្តើមឈៀងម៉ៃ ពីគម្រោងទឹកប្រាក់ ១២០ ពាន់លានដុល្លារអាមរិក ដល់ ២៤០ ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើជាយន្តការ ដោះស្រាយវិបត្តិ និងបានយល់ព្រមលើការពង្រឹងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូកបី ដែលជាប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធផ្តល់ព័ត៌មានភ្លាមៗ សម្រាប់ទប់ទាល់វិបត្តិ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អាស៊ានបូកបីបានពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន លើគម្រោងចំនួនបី ដែលជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់ដោះស្រាយវិបត្តិ និងរក្សាស្ថិរភាពហរិញ្ញវត្ថុតំបន់ នាពេលអនាគត រួមមាន៖ ១-ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ២-ការធានារ៉ាប់រងលើហានិភ័យនៃគ្រោះធម្មជាតិ និង៣-ការប្រើប្រាស់រូបិយប័ណ្ណតំបន់ សម្រាប់ទូទាត់ពាណិជ្ជកម្ម ក្នុងតំបន់។
មួយវិញទៀត សម្តេច ហ៊ុន សែន បានលើកឡើងថា ជាមួយនឹងតួនាទីមច្ចភាពរបស់អាស៊ាន យើងក៏សម្រេចបាននូវវឌ្ឍនភាព គួរជាទីមោទនៈក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ានបូក១ ក្នុងនោះ មានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន អាស៊ាន-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលបានត្រួសត្រាយផ្លូវសម្រាប់ចាប់ផ្តើមការចរចាភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្រិតតំបន់។ ប្រការនេះ នឹងបើកទូលាយទីផ្សាររបស់អាស៊ាន ឲ្យកា្លយទៅជាទីផ្សារមួយដែលមានប្រជាជនជាង ៣ពាន់លាននាក់។
សម្តេច ហ៊ុន សែន បានបន្ថែមថា ការរីកចំរើនបែបនេះ បានជំរុញឲ្យកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដើរតួនាទីស្នូល ក្នុងនិម្មាបនកម្មតំបន់ និងធានាបានការចូលរួមចំណែកដ៏សំខាន់របស់អាស៊ានបូកបី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាព សម្រាប់តំបន់អាស៊ីបូព៌ា។
សម្តេច ហ៊ុន សែន បានបន្ថែមថា ជាការពិតសមទ្ធិផលខាងលើនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើមិនមានការអនុវត្តតួនាទីដ៏សំខាន់ និងដំណើរឈានទៅមុខរបស់អាស៊ានបូកបីនេះទេ។
សម្តេច ហ៊ុន សែន ក៏សូមស្វាគមន៍សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ ស្តីពី ភាពជាដៃគូ អាស៊ានបូកបី សម្រាប់ការតភ្ជាប់ ដែលនឹងកំណត់អាទិភាព និងការជំរុញការតភ្ជាប់រវាងអាស៊ាន និងប្រទេសបូកបី។
បន្ថែម លើនេះ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច សម្តេច ហ៊ុន សែន យល់ថា “យើងត្រូវលើកកម្ពស់ថែមទៀត នូវការយល់ដឹងផ្នែកវប្បធម៌ ក្នុងចំណោមប្រទេសរបស់យើង យើងនៅមានលទ្ធភាពច្រើនទៀតដែរ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងតំបន់ ដែលប្រការនេះ អាចរួមចំណែកដល់ការពង្រីកសេចក្តីត្រូវនៃវិស័យទេសចរណ៍ ការយល់ដឹងអំពីវិស័យវប្បធម៌ និងការលើកកម្ពស់ភាពសុខដុម នៅក្នុងតំបន់អាស៊ាន បូកបី”។
នៅក្នុងបរិការនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជា បានជ្រើសរើសទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ីបូព៌ា ឆ្នាំ២០១២ និងឆ្នាំទស្សនាអាស៊ានបូកបី ព្រមទាំងការរៀបចំសកម្មភាពនានាមួយចំនួន ដើម្បីអបអរខួបអនុស្សាវរីយ៍១៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី នៅកម្ពុជា នៅពេលដែលជោគវេសនា នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីឥសាន ត្រូវបានវិលចូលជាធ្លុងមួយ ការបូកផ្សំចូលគ្នានូវឆន្ទៈនយោបាយ និងធនធានទាំងឡាយរបស់យើង រួមមាន ធនធានមនុស្ស សេដដ្ឋកិច្ច វប្បធម៌ និងធម្មជាតិ ប្រែក្លាយអាស៊ីបូព៌ា ឲ្យទៅជាតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងសមត្ថភាពប្រកួតប្រជែង សម្រាប់បន្តនាំមុខកំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងពិតប្រាកដ៕
ដោយ៖ ភារុណ