អ្នកផ្ទុកមេរោគអេដស៍បារម្ភពីបញ្ហាសុខភាពពេលត្រូវគេបណ្តេញចេញ
នៅថ្ងៃ ២៥ មករា ២០១២ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសាលារាជធានីភ្នំពេញ ជួយដោះស្រាយ និងស្វែងរកលំនៅសមរម្យជូនប្រជាពលរដ្ឋបុរីកីឡា ដែលផ្ទុកមេរោគអេដស៍ ប្រមាណជាង ៣០គ្រួសារ។
បច្ចុប្បន្នប្រជាពលរដ្ឋបុរីកីឡា ដែលផ្ទុកមេរោគអេដស៍ ប្រមាណជាង ៣០គ្រួសារកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែអាជ្ញាធររាជធានីភ្នំពេញ បានបណ្ដេញពួកគាត់ចេញពីបុរីកីឡា ទៅឆ្ងាយពីមណ្ឌលថែទាំសុខភាព និងឆ្ងាយពីទីកន្លែងទទួលថ្នាំព្យាបាលពន្យារជីវិត។
ចំពោះបញ្ហានេះ លោក នួន សុម៉េត ដែលជាមន្ត្រីជាន់ខ្ពស់សាលាក្រុងភ្នំពេញ ទទួលបន្ទុកដោះស្រាយបញ្ហាប្រជាពលរដ្ឋសហគមន៍នៅបុរីកីឡា បាននិយាយថា លោកមិនទាន់អាចបកស្រាយរឿងនេះទេ ដោយសារលោកជាប់រវល់៕