​ការកម្រិត​ចំនួនអ្នក​កាសែត​ឲ្យ​យក​ព័ត៌មាន​ពី​លោក​អូបាម៉ា​នៅ​ប្រលានយន្តហោះ

ដោយ លី បេឡា

ឃែមបូឌា ញូស៌

ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខខ្ពស់បំផុតសម្រាប់ការមកដល់និងការចាកចេញរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក អ្នកសារព័ត៌មានជាតិនិងអន្តរជាតិត្រូវបានគេ តម្រូវឲ្យចុះឈ្មោះជាមុនជាមួយស្ថានទូតអាមេរិកនៅភ្នំពេញ តែការចុះឈ្មោះនេះមិនប្រាកដថា បានទៅយកព័ត៌មានឡើយ។

តាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា លោក អូបាម៉ា នឹងចេញដំណើរពីប្រទេសភូមា ហើយនឹងមកដល់រាជធានីភ្នំពេញនៅចុងរសៀលថ្ងៃចន្ទនេះ ដោយលោកបានយករថយន្ត Limousine ម៉ាក Cadillac ដែលជារថយន្តពិសេសសម្រាប់ប្រធានាធិបតីអាមេរិក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញដោយស្ថានទូតអាមេរិកបានតម្រូវឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះជាមុនក្នុងការទៅយកព័ត៌មាន និងថតរូបក្នុងដំណើរមកដល់ និងការចាក ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បើទោះបីជាយ៉ាងនេះក្ដី ក៏ស្ថានទូតបានបញ្ជាក់ថា ការចុះឈ្មោះជាមួយស្ថានទូតសហរដ្ឋអាមេរិក មិនធានាថា បានទទួលប័ណ្ណអនុញ្ញាតឲ្យចូលយកព័ត៌មានក្នុងការមកដល់ និងការចាកចេញ របស់ យន្តហោះ Air Force One ទេ

លោក ជ្រា វណ្ណរិទ្ធ មន្ត្រីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់ សារព័ត៌មាន ឃែមបូឌា ញូស៌ តាទូរស័ព្ទថា បើទោះជាមានអ្នកចុះឈ្មោះចូលរួមច្រើនក៏ដោយ ក៏អ្នកដែលមានឱកាសចូលទៅយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានតែ៥០ នាក់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា អ្នកទាំង៥០នាក់ដែលចូលបានគឺត្រូវឆ្លងកាត់ការជ្រើសរើសក្នុងចំណោម អ្នកបានចុះឈ្មោះជាង ១០០ នាក់ ដោយក្នុងនោះ មានអ្នកកម្មវិធីទូរទស្សន៍ និងអ្នកដែលមាន ម៉ាស៊ីនថតធំៗ។ ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកសារព័ត៌មានអាមេរិករាប់សិបអ្នកទៀត ដែលមក តាម លោក អូបាម៉ារ ដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល ២០ នាទី នៅថ្ងៃ ចន្ទ លោក បារ៉ាក់ អូបាម៉ា នឹងមានគម្រោងជួបមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូអាស៊ាន មួយ ចំនួនទៀតមុននឹងចាកចេញពីប្រទេសកម្ពុជា។ អ្នកសារព័ត៌មានដែលបានចុះបញ្ជីយកព័ត៌មានស្តីសន្និសីទកំពូលអាស៊ានលើកទី ២១ និងសន្និសីទពាក់ព័ន្ធផ្សេងទៀតកម្ពុជាសមានចំនួនជាង ២.០០០ នាក់៕

Related Articles

Back to top button
Close
Close