​ការដើរហែក្បួនរបស់ក្រុម​​យុវជនគណបក្ស សម​​​​ រង្ស៊ីត្រូវបានសមត្ថ​ កិច្ចរារាំង

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១២ ក្រុមយុវជនគណបក្ស សម រង្ស៊ី ដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង ប៉ុន្តែការដើរហែក្បួននោះត្រូវបានក្រុមសមត្ថកិច្ចចម្រុះដាក់របាំងរារាំងមិនឲ្យធ្វើដំណើរទៅ កាន់ព្រះបរមរាជវាំងឡើយ ហើយពេលនោះក៏មានការរុញច្រានគ្នារវាងសមត្ថកិច្ចនិងក្រុមយុវជនគណបក្សសមរង្ស៊ី តែមិនមានការផ្ទុះអំពើហិង្សានោះទេ។

ក្រុមយុវជនរបស់គណបក្ស សម រង្ស៊ី ជាង ១០០ នាក់ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី  បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ឲ្យមានការដោះលែងអ្នកទោសនយោបាយ ដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។

នៅម៉ោងប្រហែល ៩ ព្រឹកនេះក្រុមយុវជនទាំងនោះ បានដើរហែក្បួនប្រហែលជា ៥០ ម៉ែត្រ ចេញពីទីលានប្រជាធិបតេយ្យ ក៏ត្រូវប៉ូលិស និងប៉េអឹម រារាំងមិនឲ្យបន្តដំណើរទៅកាន់ព្រះបរមរាជវាំងឡើយ ដោយអាជ្ញាធរសំអាងថា បាតុកម្មនោះមិនមានការអនុញ្ញាតទេ

ក្នុងពេលជួបជុំនៅទីលានប្រជាធិបតេយ្យ ក្រុមយុវជនគណបក្ស សម រង្ស៊ី បានកាន់បដា “កុលបុត្រខ្មែរ ចូលរួមគោរពស្នាព្រះហស្ដព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ” និងមានរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ផងដែរ ហើយក៏មានការចងក្រណាត់សនៅក្បាល ដែលមានសរសេរអក្សរលើកតម្កើងដល់វីរភាពរបស់សម្តេចតា សម្តេចព្រះមហាវីរក្សត្រ ថែមទៀតផង៕

Related Articles

Back to top button
Close
Close