បុរសម្នាក់ប្រកាច់បែកពពុះ​​មាត់ស្លាប់បន្ទាប់ពី​​គ្រូពេទ្យ​​ចាក់ថ្នាំមួយម្ចុល

ដោយ៖ ហេង នាង

Cambodia News

កំពង់ចាម៖ កាលពីថ្ងៃទី៥ វិច្ឆិកា ២០១២ បុរសម្នាក់មានជំងឺណែនៗទ្រូងហើយបានអញ្ជើញលោកគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ ពេលពិនិត្យទៅឃើញថា ឈាមលើសដល់ ១៤កន្លះ ក៏ចាក់ថ្នាំមួយអំពូលប្រមាណជាង ១០នាទីក្រោយមកអ្នកជំងឺក៏មានអាការៈប្រកាច់បែកពពុះមាត់ស្លាប់តែម្តងនៅម៉ោង៣ និង២០នាទីរសៀល។ ហេតុការណ៍នេះបានកើតឡើងនៅភូមិទូកណ្តាន ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ជនរងគ្រោះមានឈ្មោះ យិន ថន  អាយុ ៥១ឆ្នាំ ស្នាក់នៅភូមិ -ឃុំ កើតហេតុខាងលើ។

តាមប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីណេត អាយុ ៤៨ឆ្នាំបានឲ្យដឹងថា គ្រូពេទ្យដែលបានចាក់ថ្នាំបណ្តាលឲ្យប្តីរបស់គាត់ស្លាប់ឈ្មោះ ម៉ង់ ប៉ុនណា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកោះភ្លង់ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ៣គីឡូម៉ែត្រ។

ប្រពន្ធជនរងគ្រោះបានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យប្តីគាត់ស្លាប់ ដំបូងប្តីគាត់មានអាការៈណែនៗទ្រូងទើបទៅអញ្ជើញគ្រូពេទ្យមកពិនិត្យមើល។ ដល់ពេលលោកគ្រូពេទ្យ ម៉ង់ ប៉ុនណា មកដល់បានយកឧបករណ៍វាស់ឈាមទៅឃើញឈាមឡើងដល់ ១៤កន្លះ ហើយក៏បានចាក់ថ្នាំមួយអំពូល បន្ទាប់ពីចាក់ថ្នាំបានប្រហែលជា ១០នាទីក្រោយមកស្រាប់តែប្តីរបស់គាត់ប្រកាច់បែកពពុះមាត់ស្លាប់តែម្តង។

ប្រពន្ធ ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីណេត បានបញ្ជាក់ថា ក្នុងពេលប្តីគាត់កំពុងប្រកាច់នេះ លោកគ្រូពេទ្យ ម៉ង់ ប៉ុនណា បាននិយាយថា ទៅរកថ្នាំបន្សាបមួយភ្លែត ហើយក៏បាត់ខ្លួនរហូតមកទល់ពេលនេះ។ មកដល់ថ្ងៃទី៦ វិច្ឆិកា ២០១២ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនលោកគ្រូពេទ្យ ម៉ង់ ប៉ុនណា ដែលកំពុងរត់គេចខ្លួន៕

Related Articles

Back to top button
Close
Close