ក្រសួងព័ត៌មានប្រតិកម្ម​​​ចំពោះអត្ថបទអ្នកអង្គ​​ម្ចាស់នរោត្តម សោម៉ា

ដោយ៖ ហេង នាង

Cambodia News

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ ទី២៩ តុលា ២០១២ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកសំណេររបស់ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ថាជាសំណេរចេតនាបញ្ឆេះញុះញង់បំបែកបំបាក់រវាងរាជវង្សានុវង្ស និងរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកំពុងកាន់អំណាច។

អត្ថបទរបស់អ្នកអង្គម្ចាស់ នរោត្តម សោម៉ា ដែលត្រូវកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយកាល ពីថ្ងៃទី២៦ តុលា បានសរសេរថា ក្នុងអំឡុងព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី ១៧ តុលា ២០១២ ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ការរួបរួមក្នុងចំណោមគ្រួសាររាជ វង្ស មានលក្ខណៈពុំរឹងមាំ និងមានការបែងចែកក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជាព្រះមហាក្សត្រតែគ្មានអំណាច ហើយរដ្ឋាភិបាលគឺជាអ្នកកាន់អំណាចទាំងស្រុង។

អត្ថបទនោះបានបន្តថា «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាល គ្រប់គ្រងសង្វៀននយោបាយនិងរាជានិយម ហើយនឹងបន្តគ្រប់គ្រងដរាបណាលោកនៅកាន់អំណាច។ រដ្ឋាភិបាលមានអំណាចក្នុងការសម្រេចថា តើសមាជិករាជវង្សអង្គណា នឹងក្លាយជាព្រះមហាក្សត្របន្ទាប់។ សមាជិកក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាជិក ៩ រូប មានលោកនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាផ្សេងទៀត។ អនាគតរាជានិយម ស្ថិតក្នុងកណ្តាប់ដៃរបស់ពួកគេ»។

លោកខៀវ កាញារីទ្ធ បានចាប់ទុកការសរសេររបស់ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ជាការចោទប្រកាន់មិនសមហេតុផល និងក្នុងគំនិតមួយខ្មៅកខ្វក់។ នាយករដ្ឋមន្ត្រីមិនមានសិទ្ធជ្រើសរើសព្រះមហាក្សត្របន្ទាប់ទេ តែមានក្រុមប្រឹក្សាព្រះរាជបល្ល័ង្កជាអ្នកបោះឆ្នោតជ្រើសរើស ហើយរដ្ឋាភិបាលប្រកាន់ជំហររក្សារាជានិយមជាដរាប។

លោកខៀវ កាញារីទ្ធ បានចោទជាសំណួរទៅ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ថាការសរសេរនេះក្នុងនាមជាអ្នកកាសែតអាជីព ក្នុងនាមជាខ្សែរាជវង្សានុវង្ស ឬក្នុងនាមជាអ្នកនយោបាយ ដែលសរសេរដើម្បីកេងចំណេញនយោបាយលើព្រះបរមសពរបស់ព្រះបាទ នរោត្តម សីហនុ។លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ម្ចាស់អត្ថបទនេះគួរកែតម្រូវលើអត្ថបទរបស់ខ្លួនដែលបានចេញផ្សាយ តែលោកមិនបានបញ្ជាក់ពីចំណាត់ការណាមួយ តាមផ្លូវច្បាប់សម្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយនូវអត្ថបទនោះទេ៕

Related Articles

Back to top button
Close
Close