កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នឹងជួយពង្រឹងតួនាទីស្នូលរបស់អាស៊ាន
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្ដីពីការកសាងសហគមន៍អាស៊ាន ដែលមានសមាជិក ១០ប្រទេស នៅសណ្ឋាគារ សូហ្វីតែល នាព្រឹកថ្ងៃទី៣០ តុលា ២០១២ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នាពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនឹងជំរុញដំណើរការសមាហរណកម្មអាស៊ាន ជាពិសេសពង្រឹងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងដំណើរការផ្លាស់ប្ដូរនិម្មាបនកម្ម សេដ្ឋកិច្ច និង សង្គមក្នុងតំបន់។
លោក ហ៊ុន សែន បន្តថា «ការកសាងសហគមន៍អាស៊ានមួយ ដែលមានសមាហរណកម្មកាន់តែជិត ស្និទ្ធមានការប្រកួតប្រជែង មានសមធម៌ និងភាពរឹងមាំ។ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំនា២០១៥ គឺ ការជំរុញកិច្ចសហប្រតិបត្ដិការឱ្យឈានហួសពីកម្រិតរបស់រដ្ឋាភិបាល និងធានាឱ្យបាននូវការចូលរួមកាន់តែទូលំ ទូលាយពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងសង្គមស៊ីវិល។
ក្នុងស្មារតីគន្លឹះនៃ របៀបវារៈក្រុងភ្នំពេញ គឺការបន្ដពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការអនុវត្ដ ផែនទី ចង្អុលផ្លូវសម្រាប់សហគមន៍ សេដ្ឋកិច្ចអាស៊ាន ដូចជា ការបង្កើត ទីផ្សារ និងមូលដ្ឋានផលិតកម្ម រឹងមាំមួយតំបន់ សេដ្ឋកិច្ចមួយដែលមាន ភាពប្រកួតប្រជែង ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយសមធម៌ និង សមាហរណកម្មតំបន់អាស៊ាន ទៅក្នុងសេដ្ឋកិច្ច ពិភពលោក
នៅក្នុងឆ្នាំ២០១៥ខាងមុខនេះប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងរួមគ្នាបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានមួយ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសក្នុងតំបន់អាស៊ាន មានការអភិវឌ្ឍជឿនលឿនបន្ថែមទៀត ឲ្យស្របតាមមូលបទ ពិភពលោក៕