ត្រូវរក្សាទុកព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រអមជាមួយព្រះឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រនៅដដែល
ដោយ៖ ហេង នាង
Cambodia News

រដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនទាំងអស់ ឲ្យរក្សាទុកព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ អមជាមួយព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដដែល។
យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការតាំងព្រះឆាយាល័ក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ចុះថ្ងៃទី១៨ តុលា ២០១២ បានសរសេរថា បើទោះជាអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងចូលទិវង្គតនៅថ្ងៃទី១៥ តុលា ២០១២ ប៉ុន្តែព្រះឆាយាល័ក្ខណ៍ព្រះអង្គ ត្រូវរក្សាការតាំងអមជាមួយនឹងព្រះឆាយាល័ក្ខណ៍សម្តេចព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅតាមក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជន ដូចដែលធ្លាប់បានអនុវត្ត កន្លងមក៕