រថយន្តក្រុង រិទ្ធមុនី ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះស្លាប់ម្នាក់ របួសធ្ងន់ ៧នាក់
សារព័ត៌មាន Cambodia News/
បាត់ដំបង (០៨ សីហា ២០១៦) ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ អ្នកដំណើរម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់ ខណៈដែលមានឧបទ្ទវហេតុមួយបានកើតឡើង ដោយសារតែក្បាលរថយន្តមានការឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យផ្ទុះឆេះឡើងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចលើកំណាត់ផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រថយន្តក្រុងខាងលើប្រភេទទេសចរណ៍ VIP ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3B-1880 ជារបស់ក្រុមហ៊ុន រិទ្ធមុនី ធ្វើដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅក្រុងភ្នំពេញ ដែលមានដឹកអ្នកដំណើរពេញក្នុងរថយន្តតែម្តង។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ សង្គេតឃើញថា អ្នកដំណើរដែលស្លាប់នោះ ភេទប្រុស ត្រូវភ្លើងឆេះខ្លោចនៅក្នុងរថយន្ត និង៧នាក់ទៀតរងរបួសធ្ងន់ ក្នុងនោះមានប្រុស៣នាក់ និងស្រី៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងឥវ៉ាន់របស់អ្នកដំណើរក៏ត្រូវភ្លើងឆាបឆេះគ្មានសល់។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនេះកំពុងធ្វើដំណើរនៅលើដងផ្លូវខាងលើ ខណៈក៏ស្រាប់តែមានអណ្តាតភ្លើង បានឆាបឆេះឡើងចេញពីក្បាលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរដែលនៅក្នុងរថយន្តនោះ ហើយភ្លាមៗ អ្នកបើកបរបានបញ្ឈប់រថយន្ត ហើយបើកទ្វាររត់គេចខ្លួន ជាមួយនឹងព្រូឡានម្នាក់បាត់ស្រមោលតែម្តង ដោយទុកឲ្យអ្នកដំណើរភ័យស្លន់ស្លោរក្នុងរថយន្ត ព្រមទាំងមានការរត់ជាន់គ្នាដួលដេក ទើបបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់៧នាក់៕