អ្នក​សារព័ត៌មាន​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​យក​ព័ត៌មាន​នៅ​​ក្នុង​ប្រទេស​មជ្ឈិមបូព៌ា

ដោយ ហេង នាង

Cambodia News

ភ្នំពេញ៖អ្នកកាសែតកម្ពុជាមួយក្រុមមានគ្នា៥រូបត្រូវធ្វើដំណើរទៅប្រទេសគុយវ៉ែតនៅថ្ងៃសុក្រទី ១២ តុលានេះ ដើម្បីយកព័ត៌មាននៅឯសន្និសីទកំពូលស្ដីពីវេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ី ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងគុយវ៉ែត នាថ្ងៃទី ១៥ – ១៧ តុលានេះ។

ពីឆ្វេងទៅស្តាំ៖ លោក ប៊ុន ឈួយ លោក ខ្វៃ អាទិត្យា លោក ឆាយ សុផល លោក អ៊ុំ វុន លោក សារ៉ាយ (ឈរ) និងលោក Abdulla Almuhanna

អ្នកសារព័ត៌មានទាំង៥រូបនោះរួមមានលោក ឆាយ សុផល និពន្ធនាយកសារព័ត៌មាន Cambodia News លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក ប៊ុន ឈួយ និពន្ធនាយករងកាសែតកម្ពុជាថ្មី លោក សារ៉ាយ អ្នកយកព័ត៌មានកាសែតកោះសន្តិភាព និងលោក អ៊ុំ វុន ការីនិពន្ធទស្សនាវដ្ដីឡេឌីស៍។

លោក Abdulla Almuhanna លេខាទីបីនៃស្ថានឯកអគ្គរាជទូតគុយវ៉ែតប្រចាំកម្ពុជា បាននិយាយថា គឺជាកិត្តិយសមួយដែលរាជរដ្ឋាភិបាលប្រទេសគុយវ៉ែតអញ្ជើញអ្នកសារព័ត៌មានកម្ពុជាឲ្យទៅយកព័ត៌មាននៅឯសន្និសីទកំពូលស្ដីពីវេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ីនេះ ដែលនឹងត្រូវប្រារព្ធឡើងជាលើកដំបូងនៅក្នុងប្រទេសគុយវ៉ែត។ លោកបានបញ្ជាក់ថា តាមរយៈការយកព័ត៌មាននៅក្នុងប្រទេសគុយវ៉ែតនេះ ប្រជាជនកម្ពុជាអាចបានដឹងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសគុយវ៉ែត។

មកទល់នឹងពេលនេះ មានប្រជាជាតិចំនួន ៣១ ហើយបានក្លាយជាសមាជិករបស់វេទិកាពិភាក្សាកិច្ចសហប្រតិបត្តិការតំបន់អាស៊ីនេះ ហើយប្រទេសកម្ពុជាបានចូលជាសមាជិកវេទិកានេះកាលពីឆ្នាំ ២០០២។

នេះគឺជាលើកដំបូងហើយដែលរាជរដ្ឋាភិបាលគុយវ៉ែតបានអញ្ជើញអ្នកសារព័ត៌មានកម្ពុជាតាមរយៈក្រសួងការបរទេស និងក្រសួងព័ត៌មានឲ្យទៅយកព័ត៌មាននៅក្នុងប្រទេសរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ដែរថា ប្រទេសគុយវ៉ែតស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត។ គុយវ៉ែតមានអត្រាប្រជាជនប្រមាណ ៣ លាននាក់ ដែលក្នុងនោះមានជនជាតិគុយវ៉ែតប្រមាណ ១ លាននាក់ និង២លាននាក់ទៀតជាជនអន្តោប្រវេសន៍បរទេស។ ប្រាក់របស់គុយវ៉ែតគឺ ឌីណា (Dinar) ដែល ១ ឌីណាស្មើនឹង៣ដុល្លារអាមេរិក៕


Related Articles

Back to top button
Close
Close