សុខុមាលភាពប្រជាជនចិនឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជាចិន
Cambodia News
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា សម្រាប់ប្រទេសចិន សុខុមាលភាពសង្គម និងវិបុលភាពរួម គឺជាគោលដៅសំខាន់នៃការអភិវឌ្ឍដែលផ្ដោតលើការកែលម្អជីវភាពប្រជាជន ការបង្កើនឱកាសអភិវឌ្ឍ និងការចែករំលែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ គោលដៅនេះអាចត្រូវបានពិចារណាតាមរយៈទស្សនវិជ្ជាចិនបុរាណ ជាពិសេសគំនិតមនុស្សធម៌របស់ខុងជឺ (កាលពីជាង២៥០០ឆ្នាំ មុន) និង គំនិតសុខដុមរមនាជាមួយធម្មជាតិរបស់ឡៅជឺ (កាលពីជាង២៥០០ឆ្នាំ មុន) ព្រមទាំងបទពិសោធន៍អភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិន លេីការដឹកនាំសាធារណរដ្ឋប្រជាមានិតចិន (៧៧ឆ្នាំកន្លងមកនេះ)។
តាមរយៈសៀវភៅ «មិនទុកនរណាម្នាក់ចោល ៖ រឿងរ៉ាវនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន» លោកបណ្ឌិត ជា មុនីឫទ្ធិ ចែករំលែក ថា៖
ទី១៖ ទស្សនវិជ្ជាខុងជឺ និងការយកប្រជាជនជាស្នូលអាទិភាពនៃការអភិវឌ្ឍ។ ខុងជឺបានលើកតម្កើងគុណធម៌ មនុស្សធម៌ និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ គំនិតនេះអាចឆ្លុះបញ្ចាំងតាមរយៈការផ្ដល់អាទិភាពដល់ការអប់រំ សុខាភិបាល ការងារ និងសន្តិសុខសង្គម។ ក្នុងបទពិសោធន៍ចិន ការលុបបំបាត់ភាពក្រីក្រខ្លាំងនៅតំបន់ជនបទតាមស្តង់ដារជាតិដែលចិនបានកំណត់នៅចុងឆ្នាំ២០២០ គឺជាទឡ្ហីករណ៍បែបគរុសភាមួយនៃការប្រើប្រាស់គោលនយោបាយ និងធនធានដើម្បីកែលម្អជីវភាពប្រជាជន។ ទោះជាយ៉ាងណា ការរក្សាសមិទ្ធផល និងការទប់ស្កាត់មិនឱ្យធ្លាក់មកទទួលភាពក្រីក្រឡើងវិញ នៅតែត្រូវការកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់។
ទី២៖ ទស្សនវិជ្ជាឡៅជឺ និងការអភិវឌ្ឍប្រកបដោយតុល្យភាព។ ឡៅជឺបានសង្កត់ធ្ងន់លើការសម្របសម្រួលតាមធម្មជាតិ ភាពសាមញ្ញ និងការចេះស្កប់ស្កល់។ គំនិតទាំងនេះរំលឹកថា វិបុលភាពមិនគួរវាស់វែងត្រឹមតែទ្រព្យសម្បត្តិ ឬកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីសុខភាព បរិស្ថាន និងគុណភាពជីវិតផងដែរ។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃឈប់សម្រាកសប្តាហ៍មាសរបស់ប្រទេសចិនក្នុងឆ្នាំ២០២៦ លំហូរអ្នកដំណើរទូទាំងប្រទេសមានចំនួនសរុប២.១៤២ពាន់លាននាក់ ហើយការប្រើប្រាស់ផលិតផលបៃតង និងឆ្លាតវៃក៏កំពុងកើនឡើង។ ទិន្នន័យទាំងនេះបង្ហាញពីភាពរស់រវើកនៃទីផ្សារទេសចរណ៍ និងការប្រើប្រាស់ ដែលអាចបង្កើតឱកាសសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវការការគ្រប់គ្រងប្រកបដោយចីរភាព ដើម្បីធានាតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ទី៣៖ គុណតម្លៃនៃអភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិនដែលបង្កេីនល្បឿនដល់ការធ្វេីទំនេីបកម្មសង្គមនិយមតាមបែបផែនចិន។ បទពិសោធន៍ចិនបង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការរយៈពេលវែង ការសម្របសម្រួលធនធាន និងការជំរុញគោលនយោបាយនៅមូលដ្ឋាន។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គោលនយោបាយយករបស់ចាស់ប្ដូរយកការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី បានជំរុញប្រាក់ចំណូលពីការលក់ចំនួន ៣៣,៤៨ ពាន់លានយាន់ប្រាក់ចិន។ ជាមួយគ្នានេះ ការលក់មនុស្សយន្តឆ្លាតវៃនៅលើវេទិកាសំខាន់ៗបានកើនឡើង ១.៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូចនាករទាំងនេះបង្ហាញពីការភ្ជាប់គោលនយោបាយជំរុញការប្រើប្រាស់ជាមួយការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតតម្រូវការថ្មីក្នុងសេដ្ឋកិច្ច។
ជាប្រត្យក្សភាព ទស្សនវិជ្ជាខុងជឺផ្ដល់មូលដ្ឋានគំនិតអំពីគុណធម៌ និងការទទួលខុសត្រូវចំពោះប្រជាជន ខណៈទស្សនវិជ្ជាឡៅជឺរំលឹកពីសារៈសំខាន់នៃតុល្យភាព និងចីរភាព។ នៅពេលយកគំនិតទាំងនេះមកពិចារណាជាមួយបទពិសោធន៍អភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិន (ឆ្នាំ២០២៦ជាខួប១០៥ឆ្នាំនៃការបង្កេីតបក្ស) យើងអាចឃើញពីសារៈសំខាន់នៃការភ្ជាប់ការរីកចម្រើនសេដ្ឋកិច្ចទៅនឹងសុខុមាលភាពប្រជាជនចិន៕




