បទវិភាគ៖ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុបដែលមានស្ថិរភាពនិងភាពរឹងមាំនឹងបំពេញបន្ថែមថាមពលវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចសកល
Cambodia News
ពីថ្ងៃទី៨ដល់ថ្ងៃទី៩ខែតុលា កិច្ចប្រជុំជាប្រចាំលើកទី២នៃយន្តការពិគ្រោះពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិន-អឺរ៉ុបបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាប្រកបដោយភាពជាក់ស្តែងនិងលទ្ធផលជាផ្លែផ្កា ព្រមទាំងបានបង្កើតបញ្ជីគំនិតឯកភាពរួមលើលទ្ធផលចំនួន ១៦ ដែលគ្របដណ្តប់វិស័យធំចំនួនបួន ។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងបើកធ្វើកិច្ចប្រជុំជាប្រចាំលើកទី៣នៃយន្តការនេះនៅខែមីនាឆ្នាំ២០២៧ ។ នេះបានបង្ហាញយ៉ាងពេញលេញថា ចិននិងអឺរ៉ុបមានឆន្ទៈនិងមានប្រាជ្ញាក្នុងការគ្រប់គ្រងនិងដោះស្រាយឱ្យបានសមរម្យនូវការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងការចរចា ដោយចៀសវាងប្រកបដោយប្រសិទ្ធភាពកុំឱ្យជម្លោះឡើងកម្តៅ។
ចិននិងសហភាពអឺរ៉ុបគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបរិយាកាសចម្បងគឺកិច្ចសហប្រតិបត្តិការ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លទ្ធិគាំពារនិយមនៅផ្ទៃក្នុងសហភាពអឺរ៉ុបកំពុងងើបឡើងវិញ ហើយអ្នកនយោបាយមួយចំនួនបានឃោសនាបំប៉ោងពីពាក្យសម្តីខុសឆ្គងដូចជា “អតិរេកផលិតកម្មរបស់ចិន” និង “អតុល្យភាពខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុប”ដែលបានបង្កើតឧបសគ្គដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងអឺរ៉ុប ។ នៅខែមិថុនាឆ្នាំនេះ ចិននិងអឺរ៉ុបបានបើកធ្វើកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះពិភាក្សាអំពីពាណិជ្ជកម្មនិងវិនិយោគចិន-អឺរ៉ុបនៅក្រុងព្រុចសែល ហេតុអ្វីបានជាភាគីទាំងពីរឯកភាពគ្នាបង្កើតយន្តការនេះ គឺដើម្បីពង្រឹងកិច្ចសន្ទនាខាងគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគថ្នាក់រដ្ឋមន្ត្រី ក្នុងន័យលំនឹងទំនាក់ទំនងទ្វេភាគីនិងធ្វើឱ្យវាកាន់តែមានតុល្យភាព ។ យន្តការនេះមានផ្នែកធំៗចំនួនបួន គឺ តុល្យភាពពាណិជ្ជកម្មនិង
វិនិយោគ ការគ្រប់គ្រងការនាំចេញ កម្មសិទ្ធិបញ្ញានិងកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដែលគ្របដណ្តប់លើកង្វល់ស្នូលរបស់ភាគីទាំងពីរ ។
នៅក្នុងកិច្ចប្រជុំជាប្រចាំលើកនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទម្រង់ថ្មីជាដៃគូពាណិជ្ជកម្មគន្លឹះដែលមានស្ថិរភាពនិងមានតុល្យភាពរវាងចិននិងអឺរ៉ុប ព្រមទាំងបានបញ្ជាក់ថា នឹងដោះស្រាយការខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មព្រមទាំងកង្វល់រៀងៗខ្លួនដោយមានតុល្យភាពក្នុងក្របខ័ណ្ឌច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក និងពិភាក្សាពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្មចិន-អឺរ៉ុបឱ្យអភិវឌ្ឍន៍ប្រកបដោយតុល្យភាពនិងឆ្ពោះទៅមុខ ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមលើលទ្ធផលចំនួន ១៦ ដែលគ្របដណ្តប់លើចំណុចលំបាកមួយចំនួនក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុប និងឆ្លើយតបទៅនឹងការរំពឹងទុករបស់មជ្ឈដ្ឋានឧស្សាហកម្មនិងទីផ្សារ ។
តើបញ្ជីគំនិតឯកភាពគ្នាលើលទ្ធផលនេះមានចំណុចលេចធ្លោសំខាន់ៗអ្វីខ្លះ? លោក Xia Chuanxin សមាជិកស្រាវជ្រាវរងនៃវិទ្យាស្ថានស្រាវជ្រាវអឺរ៉ុបនៃបណ្ឌិត្យសភាស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ចំណុចលេចធ្លោធំបំផុតគឺ ភាគីទាំងពីរបានដាក់បញ្ចូលបញ្ហារថយន្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅចូលទៅក្នុងការចរចាផ្លូវការបន្តទៀត ។ ឧស្សាហកម្មរថយន្តគឺជាវិស័យអាទិភាពបំផុតមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុប ហើយភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាស្តីពីពាណិជ្ជកម្មរថយន្តថាមពលចម្រុះតាមរបៀបដែលសមស្របនឹងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ហើយនឹងបន្តនីតិវិធីពាក់ព័ន្ធនឹងការសន្យាតម្លៃរបស់សហគ្រាសនិងការត្រួតពិនិត្យឡើងវិញនៃករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តអគ្គិសនី ដោយហេតុនេះបានចៀសវាងកុំឱយស្ថានភាពឡើងកម្តៅ និងការពារយ៉ាងខ្លាំងនូវផលប្រយោជន៍នាំចេញជាក់ស្តែងរបស់សហគ្រាសចិន ។
នៅក្នុងកិច្ចប្រជុំជាប្រចាំលើកនេះ ភាគីទាំងពីរចិននិងអឺរ៉ុបសុទ្ធតែយល់ឃើញថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អឺរ៉ុបដែលមានស្ថិរភាពនិងភាពរឹងមាំវាមិនត្រឹមតែមានអំណោយដល់សហគ្រាសនិងប្រជាជនចិននិងអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបំពេញបន្ថែមភាពប្រាកដប្រជានិងថាមពលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកលនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។
នៅក្នុងពិភពលោកបច្ចុប្បន្ន របបការពារនិយមមិនអាចទទួលបានការគាំទ្រជាដាច់ខាត ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការទើបជានិន្នាការទូទៅ ។ សង្ឃឹមថា ភាគីអឺរ៉ុបនឹងដើរស្របតាមទិសដៅជាមួយនឹងភាគីចិន ដើម្បីរួមគ្នាជំរុញឱ្យលទ្ធផលនិងគំនិតឯកភាពរួមដែលឈានដល់ក្នុងកិច្ចប្រជុំជាប្រចាំលើកទី២ត្រូវបានអនុវត្តជាក់ស្តែង និងរួមគ្នាចែករំលែក“កាលានុវត្តភាពចិន២.០” ដើម្បីឱ្យភាគលាភនៃកិច្ចសហប្រតិបត្តិការចិន-អឺរ៉ុបផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនិងពិភពលោក ៕



