សារសន្តិភាពនិងកិច្ចសហប្រតិបត្តិការសកល ៖ លោកប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក
Cambodia News
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិកពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ឆ្នាំ២០២៦ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ចិននិងអាមេរិក បន្តការសន្ទនាដោយផ្ទាល់ ពង្រឹងការយោគយល់គ្នា រក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីនិងពិភពលោក។
ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលចិននិងអាមេរិកកំពុងព្យាយាមរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចជាក់ស្តែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានប្រព្រឹត្តទៅយ៉ាងរលូននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលជាចលករនាំភាគីទាំងពីរទៅកាន់ការអនុវត្តគំនិតឯកភាពរួម និងការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីជាដើម ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នា ការរួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។
តាមរយៈដំណើរទស្សនកិច្ចរបស់លោក Xi Jinping សហគមន៍អន្តរជាតិទាំងមូលបាននិងកំពុងទះដៃអបអរសាទរ ដោយបានរំពឹងពោរពេញដោយក្តីមោទកភាពថា ប្រទេសចិននឹងបន្តគាំទ្រជាយុថ្ការបស់ពិភពលោក ក្នុងការរក្សាស្ថិរភាពទំនាក់ទំនងនិងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយបង្កើនថាមភាពដល់ស្មារតីរួមនៃកិច្ចពិភាក្សាដែលអាមេរិកបានប្តេជ្ញាចិននៅក្នុងដំណើរទស្សនកិច្ចរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកមកកាន់រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៦។ ក្នុងន័យនេះ ការរក្សាទំនាក់ទំនងល្អរវាងចិន–អាមេរិកឱ្យមានស្ថិរភាព និងការជៀសវាងការប្រឈមមុខដាក់គ្នារវាងមហាអំណាច គឺជាគូសរំលេចឡើង
វិញពីគតិបណ្ឌិតរបស់លោក Xi Jinping ក្នុងជំនួបជាមួយលោកប្រធានាធិបតីអាមេរិកនៅទីក្រុង ប៊ូសាន កាលពីខែតុលា ឆ្នាំ២០២៥ ដែលពិភពលោកបានកត់ត្រាយ៉ាងប្រត្យក្សពីប្រសាសន៍លោក Xi Jinping ប្រកបដោយគុណតម្លៃសម្រាប់សន្តិភាពសកលថា ចិននិងអាមេរិក ជាដៃគូ និងមិត្តភក្តិ ហើយត្រូវចេះគ្រប់គ្រងភាពខុសគ្នា ដោយប្រជាជនចិននិងប្រជាជនអាមេរិកមានប្រវត្តិសាស្ត្រផ្លាស់ប្តូរគ្នាដោយមេត្រីភាពអស់កាលជាយូរមកហើយ ផលប្រយោជន៍របស់ភាគីទាំងពីរបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ប្រទេសទាំងពីរនឹងបន្តជាដៃគូនឹងគ្នា តែមិនមែនគូប្រជែង ការសម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងការធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត គឺអាចបំពេញបន្ថែមគ្នា អាចជំរុញការអភិវឌ្ឍទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។
សម្រាប់ពិភពលោក ដំណើរទស្សនកិច្ចរបស់លោក Xi Jinping បានរំលេចយ៉ាងច្បាស់ថា ក្រៅពីផលប្រយោជន៍ផ្ទាល់សម្រាប់ចិននិងអាមេរិក ការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ ។ ដោយសារចិននិងអាមេរិកជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មធំៗ ដែលនឹងផ្តល់ផលវិជ្ជមានមហាសាលដល់ការកាត់បន្ថយភាពតានតឹង និងភាពមិនប្រាកដប្រជាសម្រាប់ទីផ្សារ និងអាជីវកម្មអន្តរជាតិ។ ក្នុងន័យនេះ សហគមន៍អន្តរជាតិរំពឹងថា ការសម្របសម្រួលរវាងចិននិងអាមេរិក អាចជួយកាត់បន្ថយហានិភ័យនៃការបែកខ្ញែកនៃសេដ្ឋកិច្ចពិភពលោក ដោយវត្តមានរបស់លោក Xi Jinping នៅអាមេរិក ផ្តល់ការសន្ទនា និងកិច្ចព្រមព្រៀងជាក់ស្តែងអាចជួយបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បានកាន់តែប្រសើរ។ បន្ថែមពីលើនេះ ការកែលម្អទំនាក់ទំនងចិន-អាមេរិក នឹងបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហាសកល ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសុខាភិបាលជាដើម។ ការសហការរវាងប្រទេសធំៗទាំងពីរ អាច
ជួយបង្កើនសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាដែលមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានឡើយ។
ដោយឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់លោក Xi Jinping ពិភពលោកយល់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងចិននិងអាមេរិក លែងផ្តល់អាទិភាពលើការប្រកួតប្រជែងថា «អ្នកណាឈ្នះ អ្នកណាចាញ់»ទៀតហើយ ផ្ទុយទៅវិញភាគីទាំងពីរនឹងបំពេញបន្ថែមឧត្តមភាពគ្នាទៅវិញទៅមក និងដើរតួនាទីជាយុថ្កាលំនឹងស្ថិរភាពពិភពលោកដូចដែលប្រទេសចិនកំពុងអនុវត្ត។ សហគមន៍អន្តរជាតិយល់ស្របនឹងការអនុវត្តរបស់ប្រទេសចិនដែលតែងខិតខំស្វែងរកភាពដូចគ្នានិងរក្សាទុកភាពខុសគ្នា ហើយដើរតាមទិសដៅ ដោយប្រទេសចិនតែងរក្សាយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឋិតថេរបានយូរអង្វែង។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិននៅប្រទេសអាមេរិក នឹងត្រូវប្រវត្តិវិទូសកលលោកនឹងរួមគ្នាកត់ត្រាពីផលជាផ្លែផ្កាដ៏ច្រើនសម្រាប់បង្កើនសុខុមាលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាបន្ថែមក្តីសង្ឃឹមដល់សន្តិភាពដល់ពិភពលោកដូចទៅនឹងសារដែលលោកប្រធានរដ្ឋចិនបានផ្ញើជូនដល់ប្រជាជនអាមេរិក។
ជារួម ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិក ជាកាលានុវត្តដ៏សំខាន់សម្រាប់មិនមែនត្រឹមសម្រាប់ភាគីចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់រស្មីពណ្ណរាយដល់ពិភពលោក តាមរយៈការយោគយល់ថ្មីនិងកិច្ចព្រមព្រៀងជាក់ស្តែងរវាងចិននិងអាមេរិក ដែលនឹងក្លាយជាជំហានវិជ្ជមានសម្រាប់បង្កើនទំនាក់ទំនង និងបង្កើតបរិយាកាសដែលមានស្ថិរភាពកាន់តែប្រពៃ ដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
