តួនាទីរបស់ចិនក្នុង BRICS ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទេសសាកលខាងត្បូងផ្តោតលើភាពបើកទូលាយ និងវិបុលភាពរួម
Cambodia News
BRICS បានក្លាយជាវេទិកាដែលមានឥទ្ធិពលបំផុតលើពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើនលូតលាស់ថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមចំណែកក្នុងការទប់ទល់វិបត្តិរួមគ្នាផង និង ជាយន្តការនៃការបើកទូលាយប្រកបដោយវិបុលភាពផង។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានថ្លែងសុន្ទរកថាគន្លឹះមួយ ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីរំឭកខួបទី២០ឆ្នាំនៃការបង្កើតយន្តការសហប្រតិបត្តិការ BRICS ដោយផ្តោតលើគោលការណ៍ស្នូលពីរគឺ ភាពបើកទូលាយ និងវិបុលភាពរួម។
ការលើកឡើងរបស់លោក ស៊ី ដែលបានចាត់ទុករយៈពេល២០ឆ្នាំកន្លងមករបស់ BRICS ថាជា រយៈពេលនៃការពឹងផ្អែកលើខ្លួនឯង និងការពង្រឹងខ្លួនឯង ព្រមទាំងជារយៈពេលនៃការឈរជើងជាមួយគ្នាឆ្លងកាត់គ្រាលំបាក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក ជំងឺរាតត្បាតកូវីដ-១៩ រហូតដល់បញ្ហាការប្រែប្រួលអាកាសធាតុ ជាការបង្ហាញពីការរួបរួមគ្នារបស់បណ្តាប្រទេស BRICS តស៊ូទប់ទល់និងស្ថានភាពមិនប្រាកដប្រជា និង វិបត្តិសាកល។ ក្នុងន័យនេះ ដោយផ្អែកលើសកម្មភាពកន្លងមក ចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួសត្រាយផ្លូវក្នុងវិស័យសំខាន់ៗចំនួន៤ រួមមានការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ សន្តិភាពនិងស្ថិរភាព ការផ្លាស់ប្តូរអរិយធម៌ ការកែទម្រង់អភិបាលកិច្ចសាកល។
ចិនបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិត ដោយបានស្នើគំនិតផ្តួចផ្តើមមួយស្តីពី ឧស្សាហូបនីយកម្មថ្មីតាមរយៈAI ក្នុងចំណោមប្រទេស BRICS ព្រមទាំងអំពាវនាវឱ្យសមាជិកចូលរួមក្នុង World Artificial Intelligence Cooperation Organization ដែលចិនបានផ្តួចផ្តើម។ ជាមួយគ្នានេះដែរ ដោយមើលឃើញស្ថានភាពនៅមជ្ឈិមបូព៌ា ដែលត្រូវបានចាត់ទុកថានៅតែស្មុគស្មាញ ចិនបានស្នើវិធានការចំនួន៤ ដើម្បីជំរុញការបញ្ចប់អំពើហិង្សា និងដំណោះស្រាយនយោបាយជាអចិន្ត្រៃយ៍។ រីឯការផ្លាស់ប្តូររវាងអរិយធម៌តាមរយៈវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូរយុវជន ក៏មានសារៈសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេស BRIC ឱ្យកាន់តែរឹងមាំ ហើយការកែទម្រង់អភិបាលកិច្ចសកល ដោយផ្តោតលើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្តោតលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអំណាចរបស់អង្គការសហប្រជាជាតិ ព្រមទាំងអំពាវនាវឱ្យបង្កើនសំឡេងរបស់ប្រទេសសាកលខាងត្បូងក្នុងវិស័យអភិបាលកិច្ចថ្មីៗ ដូចជាតំបន់អវកាស និងសមុទ្រជម្រៅជាដើម។
ទាំងនេះ គឺជាយន្តការបើកចំហរឱ្យតែទូលំទូលាយនិងរឹងមាំ ដោយប្រទេសចិនបានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍវិស័យបច្ចេកវិទ្យាបែបបើកចំហ (open-source) និងការចែករំលែកចំណេះដឹងរវាងសមាជិក ដែលប្រទេសចិនមានការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ ឈានមុខគេ ហើយបើកទូលាយជាងគេ។ ក្នុងវិស័យពាណិជ្ជកម្ម ចិនក៏បានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងលើកកម្ពស់ដល់បណ្តារប្រទេស BRICS ឱ្យមានភាពច្បាស់លាស់ក្នុងការប្រឆាំងនឹងវិធានការការពារពាណិជ្ជកម្មគ្រប់រូបភាព។ ជាមួយគ្នានេះ ចិនក៏បានស្នើឱ្យរក្សានូវសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ និងគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋទាំងអស់ ដែលជាការឆ្លុះបញ្ចាំងពីជំហរច្បាប់អន្តរជាតិដែលចិនតែងតែលើកឡើងនៅលើវេទិកាពហុភាគីនានា។
ក្រៅពីការបើកចំហរយ៉ាងទូលំទូលាយ ប្រទេសចិនក៏បានសង្កត់ធ្ងន់ទៅលើគំនិតវិបុលភាពរួម ដែលជាមូលដ្ឋានគ្រឹះមួយទៀតនៃចក្ខុវិស័យរបស់ខ្លួន សម្រាប់គាំទ្រដល់ប្រទេស BRICS ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន ដោយមិនចម្លងគំរូអភិវឌ្ឍន៍ពីខាងក្រៅ ដែលចាត់ទុកជាគំរូនៃការពង្រឹងខ្លួនឯងតាមរយៈសាមគ្គីភាព ក្នុងចំណោមទីផ្សារកំពុងរីកចម្រើនលូតលាស់។
សរុបមក យើងអាចមើលឃើញថា ចិនកំពុងខិតខំជំរុញវេទិកា BRICS ឱ្យក្លាយជាមធ្យោបាយមួយឱ្យមានស្តង់ដារកំណត់ជាក់លាក់ ជាពិសេសសម្រាប់ប្រទេសសាកលខាងត្បូង ក្នុងវិស័យបច្ចេកវិទ្យា និង បញ្ញាសិប្បនិម្មិត។ ចិនក៏បានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងបញ្ហាសន្តិសុខថ្នាក់តំបន់ដូចជាមជ្ឈិមបូព៌ា និងបានធ្វើឱ្យប្រទេស BRICS មានភាពរឹងមាំនិងលុបបំបាត់ការពឹងផ្អែកលើឥទ្ធិពលចម្បងរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ ការស្នើឱ្យបង្កើត World AI Cooperation Organization គឺជាឧបករណ៍យុទ្ធសាស្ត្រច្បាស់លាស់មួយបង្រួបបង្រួមបណ្តាប្រទេសទាំងអស់លើវិស័យថ្មី ដែលកំពុងមានការចាប់អារម្មណ៍លើពិភពលោក សំដៅសម្រេចបាននូវប្រព័ន្ធអេកូឡូស៊ី ពហុភាគី។ ទាំងនេះបង្ហាញថា ចិនជាកម្លាំងស្នូលមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទេសសាកលខាងត្បូង ដោយផ្សារភ្ជាប់រវាងគោលគំនិតបើកទូលាយ (បច្ចេកវិទ្យា ពាណិជ្ជកម្ម អភិបាលកិច្ចសកល) និងគោលគំនិតវិបុលភាពរួម (ការអភិវឌ្ឍដោយខ្លួនឯង សាមគ្គីភាព)។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា



