បាឋកថា «សហគ្រាស និងនិស្សិត៖ ភាពជាដៃគូសម្រាប់អនាគត» ផ្តល់ឱកាសការងារថ្មីដល់យុវជនកម្ពុជា

‎Cambodia News‎

‎ភ្នំពេញ៖ បាឋកថាស្តីពី «សហគ្រាស និងនិស្សិត៖ ភាពជាដៃគូសម្រាប់អនាគត» ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានជាតិសង្គមកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន Dodo Job និងមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ តំណាងសហគ្រាស និងនិស្សិតជាង១០០រូប។

‎ថ្លែងក្នុងឱកាសនោះ លោក Wu Dasheng អគ្គនាយកក្រុមហ៊ុន Dodo Job បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់តម្រូវការរបស់សហគ្រាសជាមួយសក្តានុពលរបស់យុវជន។ លោកបានបញ្ជាក់ថា Dodo Job បានបង្កើតកម្មវិធី APP មួយ ដែលអាចជួយភ្ជាប់សហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិក ជាមួយនឹងនិស្សិត និងអ្នកស្វែងរកការងារ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។

‎លោក Wu Dasheng បានបង្ហាញឆន្ទៈក្នុងការបន្តសហការជាមួយស្ថាប័នអប់រំ ស្ថាប័នពាក់ព័ន្ធ និងដៃគូសង្គមនានា ដើម្បីរួមចំណែកបង្កើនឱកាសការងារជូនដល់យុវជនកម្ពុជា ជាពិសេសការជួយឱ្យយុវជនអាចស្វែងរកការងារដែលស្របតាមចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន។

‎ជាមួយគ្នានេះ លោក រិន រ៉ាវុធ ប្រធានផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានគាំទ្រប្រសាសន៍របស់លោកស្រី ណក់ ពេជ្រសាវតី ប្រធានមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជាក្នុងការរៀបចំបាឋកថានេះឡើងដើម្បីគោលបំណង នាំយកសហគ្រាសមកជួបដោយផ្ទាល់ជាមួយនិស្សិត ដែលជាឱកាសដ៏មានតម្លៃសម្រាប់ឱ្យនិស្សិតបានស្វែងយល់ពីតម្រូវការទីផ្សារការងារ ស្គាល់ឱកាសការងារជាក់ស្តែង និងត្រៀមខ្លួនឱ្យបានកាន់តែល្អសម្រាប់អនាគតវិជ្ជាជីវៈ។

‎ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Dodo Job និងបណ្តាសហគ្រាសរបស់ប្រទេសចិន ជាពិសេស លោកស្រី ណក់ ពេជ្រសាវតី ប្រធានមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជាដែលបានគាំទ្រនិងជ្រោមជ្រែងដល់ដំណើរការរៀបចំកម្មវិធីបាឋកថានេះ ដែលនេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹង និងព័ត៌មានអំពីទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពមួយដែលរួមចំណែកពង្រឹង មិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឯកជន។

‎តាមរយៈបាឋកថានេះ និស្សិតដែលបានចូលរួមជាង ១០០រូប ក៏បានទទួលឱកាសស្វែងយល់ និងប្រើប្រាស់ APP របស់ក្រុមហ៊ុន Dodo Job ដើម្បីស្វែងរកព័ត៌មានអំពីការងារ និងឱកាសអាជីព។ ក្រុមហ៊ុន Dodo Job បានចុះបញ្ជីប្រតិបត្តិការនៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានបង្ហាញថា មានឱកាសការងារប្រមាណ ២,០០០កន្លែងក្នុងមួយថ្ងៃ ដែលអាចក្លាយជាច្រកមួយសម្រាប់ភ្ជាប់អ្នកស្វែងរកការងារជាមួយសហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិក ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close