បណ្ណាល័យមិត្តភាពកម្ពុជា-ចិនទី៣ រៀបចំពិធីប្រគល់សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សា
Cambodia News
បណ្ណាល័យមិត្តភាពកម្ពុជា-ចិនទី៣ ស្ថិតនៅសាលាបឋមសិក្សិតាននី ក្រុងរុនតាឯក ខេត្តសៀមរាបនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានរៀបចំពិធីប្រគល់សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សា ដើម្បីផ្តល់ឧបករណ៍បង្រៀន និងធនធានសិក្សាដល់សិស្សានុសិស្សនៅក្រុងរុនតាឯក។
លោក ស៊ុន តុលា អភិបាលរងក្រុងតាឯកតេជោសែន បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគនេះ ខណៈដែលសម្ភារទាំងនេះជាអំណោយរបស់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រគល់ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសយើងទាំងពីរ។
លោកអភិបាលរងក្រុង បានលើកឡើងថា ការបើកបង្រៀនភាសាចិននៅក្នុងសាលា គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស និងមាតាបិតា ហើយក៏ជាបំណងប្រាថ្នារួមរបស់សិស្សផងដែរ។ លោកជឿជាក់ថា ក្រោមការគាំទ្រពីគ្រប់ភាគី សិស្សានុសិស្សនឹងទទួលបានបរិយាកាសសិក្សាកាន់តែល្អប្រសើរ អាចពង្រីកទស្សនវិស័យអន្តរជាតិតាមរយៈការសិក្សាភាសាចិន និងទទួលបានឱកាសកាន់តែច្រើនសម្រាប់ការបន្តការសិក្សា ការងារ និងការអភិវឌ្ឍខ្លួននាពេលអនាគត។
លោកស្រី Li Ai តំណាងក្រុមការងារយុវជនស្ម័គ្រចិត្តក្រុងធានជីង បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការបរិច្ចាគលើកនេះ គឺដើម្បីបន្តពង្រឹងការផ្លាស់ប្តូរ និងមិត្តភាពរវាងប្រជាជននិងប្រជាន កម្ពុជានិងចិន ជំរុញការផ្សារភ្ជាប់ដួងចិត្ត ព្រមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។ បច្ចុប្បន្ន មានសិស្សជាង៦០០នាក់បានចុះឈ្មោះចូលរៀនវគ្គភាសាចិនតាមប្រព័ន្ធអនឡាញ ហើយលោកស្រីសង្ឃឹមថា សម្ភារអេឡិចត្រូនិក និងសម្ភារសិក្សាទាំងនេះ នឹងជួយបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ លើកកម្ពស់គុណភាពនៃការបង្រៀនភាសាចិន និងជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងភាសាចិន ដើម្បីបង្កើតឱកាសកាន់តែប្រសើរសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនស្ម័គ្រចិត្តក្រុងធានជីង ដែលបានគាំទ្រវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់។ លោកបានមានប្រសាសន៍ថា សមាគមនឹងប្រើប្រាស់សម្ភារអេឡិចត្រូនិកដែលទទួលបាននេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការបង្រៀនភាសាចិន ការសិក្សាវប្បធម៌ចិន និងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន ដើម្បីរួមចំណែកពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
តំណាងសិស្សានុសិស្ស នៅក្នុងក្រុងរុនតាឯក លោកស្រី ហួរ លីណា បានសាទរ និងការគាំទ្រដល់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ចំពោះវិស័យអប់រំនៅកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីយេីងទាំងពីរ កម្ពុជានិងចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ៕

