កសាងស្ពានមិត្តភាព រួមគ្នាសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ – លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន៖ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតមូលដ្ឋានរវាង ប្រទេសកម្ពុជា និងប្រទេសចិន តាមរយៈការអនុវត្តការទូត
Cambodia News
ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងជំរុញការអនុវត្ត“យុទ្ធសាស្ត្របញ្ចកោណ” និង ពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបើកទូលាយទៅក្រៅប្រទេស និង ការទាក់ទាញវិនិយោគបរទេស បានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្រៅក្របខណ្ឌអាស៊ានឱ្យកាន់តែទូលំទូលាយ និង ការពង្រឹងការតភ្ជាប់ជាមួយធនធានសកល ក៏កំពុងក្លាយជាទិសដៅសំខាន់មួយនៃការងារការទូតរបស់កម្ពុជាផងដែរ។
នៅក្នុងដំណើរការនេះ លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន បានជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូររវាងមូលដ្ឋាន និង មូលដ្ឋាន កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការ ផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងកម្ពុជា និងចិន ដោយផ្អែកលើបទពិសោធន៍ជា ច្រើនឆ្នាំរបស់លោកក្នុងវិស័យការទូតថ្នាក់មូលដ្ឋាន និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានក្លាយជាអ្នកជំរុញ និងជាសាក្សី ដ៏សំខាន់នៃដំណើរការនេះ។
មិត្តភាពដែកថែបកម្ពុជា-ចិន ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសកម្ពុជា និងប្រទេសចិនរក្សាបាននូវ ទំនុកចិត្តគ្នាកម្រិតខ្ពស់ទៅវិញទៅមកលើផ្នែកនយោបាយ ។ ភាគីទាំងពីរបានរក្សាជំហរគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និង ចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ត្រូវបានបន្តធ្វើឱ្យស៊ីជំរៅ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។
ក្រោមទិដ្ឋភាពនៃការបន្ស៊ីគ្នាកាន់តែស៊ីជម្រៅរវាង “យុទ្ធសាស្ត្របញ្ចកោណ”របស់កម្ពុជា និង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ”របស់ចិន កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ និង ប្រទេសប្រភពទេសចរណ៍សំខាន់របស់កម្ពុជាជាច្រើនឆ្នាំមកនេះ។
លោកអគ្គកុងស៊ុល ហេង ពៅ បាន សង្កត់ធ្ងន់ជាច្រើនដងថា ភាពរស់រវើកពិតប្រាកដនៃ”មិត្តភាពដែកថែប”នេះ មិនត្រឹមតែត្រូវបានបង្ហាញក្នុងការឯកភាពគ្នាជាយុទ្ធសាស្ត្រនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងជាក់ស្តែងនៅថ្នាក់មូលដ្ឋាន និងរវាងប្រជាជននិងប្រជាជនផងដែរ។ បទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ជាមន្ត្រីកុងស៊ុលប្រចាំនៅទីក្រុងស៊ីអានប្រទេសចិន គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃគោលគំនិតនេះ។
ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង តំបន់ភាគខាងលិចនៃប្រទេសចិន ដោយប្រើប្រាស់ទីក្រុងស៊ីអានជាចំណុចស្នូលក្នុងនាមជាទីក្រុងស្នូលមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទីក្រុងស៊ីអានប្រទេសចិនមាន សក្ដានុពលសេដ្ឋកិច្ចបើកចំហទៅកាន់អាស៊ីកណ្តាល អាស៊ាន និងពិភពលោក។ ទីក្រុងនេះមានសមត្ថភាពឧស្សាហកម្មលេចធ្លោ និងសម្បូរដោយធនធានវិទ្យាសាស្ត្រ និងការអប់រំ ក្នុងវិស័យដូចជា ព័ត៌មានវិទ្យា អេឡិចត្រូនិក យានយន្តថាមពលថ្មី ភស្តុភារទំនើប បច្ចេកវិទ្យាឌីជីថល ជីវវេជ្ជសាស្ត្រ និងអវកាស ។ល។ ដែលបានធ្វើឱ្យទីក្រុងស៊ីអានក្លាយជាដៃគូសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ដំណើរការឧស្សាហូបនីយកម្មរបស់ខ្លួន និងការនាំយកបច្ចេកវិទ្យាទំនើបៗចូលក្នុងស្រុក។
លោកអគ្គកុងស៊ុល ហេង ពៅ បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃច្រកយុទ្ធសាស្ត្រនេះ។លោកបានខិតខំលើកកម្ពស់ការចូលរួមរបស់ប្រទេសកម្ពុជា នៅក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗនៅក្នុងខេត្តសានស៊ី(Shaanxi) ដោយបានផ្សព្វផ្សាយនូវឱកាសវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យផលិតកម្ម កសិកម្ម សួនឧស្សាហកម្ម និងទេសចរណ៍ ដើម្បីជួយប្រទេសកម្ពុជាទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគរបស់សហគ្រាសនៅភាគខាងលិចប្រទេសចិន។ នៅក្នុង “សន្និសីទអភិវឌ្ឍន៍សហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស៊ីអាន+ អាស៊ាន + មជ្ឈិមបូព៌ា + អឺរ៉ុប ឆ្នាំ២០២៦” ដែលបានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៦ នេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីសក្ដានុពលភូមិសាស្ត្រក្នុងតំបន់និងសក្តានុពលឧស្សាហកម្មនៃប្រទេសកម្ពុជា ដោយបានទទួលការឆ្លើយតបជាវិជ្ជមានពីភាគីជាច្រើន។
លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យចេញជារូបរាង នាំចូលធនធានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា
នៅក្នុងវិស័យកសិកម្ម លោកអគ្គកុងស៊ុល ហេង ពៅ បានភ្ជាប់ទំនាក់ទំនងយ៉ាង សកម្មជាមួយនឹងវេទិកានានា ដូចជាតំបន់គំរូឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់វិស័យកសិកម្ម Yangling ដោយបាននាំយកនូវធនធានបច្ចេកវិទ្យាកសិកម្មចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “ច្រករបៀងត្រី និងអង្ករ” របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការត្រូវបានពង្រីកជាបន្តបន្ទាប់នៅក្នុង វិស័យជាច្រើនដូចជា ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និង ភស្តុភារកម្មខ្សែសង្វាក់ត្រជាក់។ ទន្ទឹមនឹងនេះ ផលិតផលកសិកម្មពិសេសមកពីយេនអាន (Yan’an) និងបាវជី(Baoji)ក្នុងខេត្តសានស៊ី(Shaanx) ដូចជាផ្លែប៉ោម និងផ្លែគីវី ត្រូវបាននាំចូលមកទីផ្សារកម្ពុជា។ នៅឆ្នាំ២០២៥ ត្រីស្ទឺជិនQinling មកពីស្រុកហ្វូភីង ខេត្តសានស៊ី(Shaanxi) ត្រូវបាននាំចូលមកកម្ពុជាជាលើកដំបូង ដោយសម្រេចបាននូវវឌ្ឍនភាពថ្មីក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីនៃផលិតផលកសិកម្មស្រស់ៗ និងបានណែនាំការផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់ថ្មីដល់ទីផ្សារអ្នកប្រើប្រាស់កម្ពុជា។
នៅក្នុងវិស័យឧស្សាហកម្ម និងការអភិវឌ្ឍបៃតង សហគ្រាសផលិតឧបករណ៍បរិក្ខារ សានស៊ី(Shaanxi) ដែលតំណាងដោយក្រុមហ៊ុន Shaanxi Heavy Truck បានបន្តចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ ក្រុមហ៊ុនសំណង់ CCCC Xi’an Road Construction Machinery ដែលជាសហគ្រាសមកពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចេកវិទ្យាស៊ីអាន បាននាំចេញឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់មកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្របច្ចេកទេសជាក់ស្តែង សម្រាប់ការកសាងទីក្រុងបៃតងនៅប្រទេសកម្ពុជា។
ក្នុងវិស័យអប់រំ និង ធនធានមនុស្ស លោកអគ្គកុងស៊ុល ហេង ពៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរយុវជន និងយុវជន ក្នុងនោះ លោកបានសម្របសម្រួលនិស្សិតកម្ពុជាជាច្រើនឱ្យបានមកសិក្សានៅសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី(Shaanxi) និងបានជំរុញយ៉ាងសកម្មដល់ការបង្កើតយន្តការរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលភាសា ការអប់រំវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបន្តបណ្តុះបណ្តុំធនធានទេពកោសល្យជាមួយនឹងទស្សនវិស័យអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា។
ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតមូលដ្ឋាន ធ្វើឱ្យ«មិត្តភាពកម្ពុជា-ចិន» ចាក់ឫសកាន់តែជ្រៅ
នៅកម្រិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងមូលដ្ឋាន ខេត្តសានស៊ី(Shaanxi) ប្រទេសចិន និង ខេត្តសៀមរាបប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងមេត្រីភាពថ្នាក់ខេត្ត ដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ បន្ថែមលើនេះទៀត នៅក្នុងឆ្នាំ ២០២៥ លោកអគ្គកុងស៊ុល ហេង ពៅ បានសម្របសម្រួលកិច្ចប្រជុំទំនាក់ទំនង និង ផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយជោគជ័យរវាងខេត្តកោះកុងប្រទេសកម្ពុជា និងទីក្រុងវៃណាន(Weinan) ខេត្តសានស៊ី(Shaanxi) ប្រទេសចិន ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាស៊ីជំរៅជុំវិញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជា ពាណិជ្ជកម្មសំបុកត្រចៀកកាំ ការអភិវឌ្ឍនេសាទ ការកែច្នៃម្ហូបអាហារ ថាមពលថ្មីសូឡា និងទេសចរណ៍វប្បធម៌ ដោយនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ពីការផ្លាស់ប្តូរមិត្តភាពប្រពៃណីទៅជាកម្រិតថ្មីនៃភាពស៊ីសង្វាក់គ្នាផ្នែកឧស្សាហកម្ម។
ទាក់ទងនឹងការតភ្ជាប់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន លោក ហេង ពៅ បានជំរុញយ៉ាងសកម្មនូវការតភ្ជាប់ផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជា និងចិន។ នៅក្នុងខែមករា ឆ្នាំ២០២៤ លោកបានជួបពិភាក្សាជាមួយលោក Ye Niuping អភិបាលក្រុងស៊ីអានប្រទេសចិន ដោយផ្តោតជាសំខាន់លើការផ្លាស់ប្តូរ និងការសម្របសម្រួលទាក់ទងនឹងការបើកផ្លូវហោះហើរត្រង់រវាងក្រុងស៊ីអាន និងប្រទេសកម្ពុជា។ នៅក្នុងខែធ្នូ ឆ្នាំដដែលនោះ ផ្លូវហោះហើរត្រង់រវាងស៊ីអាន និងភ្នំពេញត្រូវបានបើកជាផ្លូវការ ដែលជួយសម្រួលបន្ថែមទៀតដល់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងទាំងពីរ និងបង្កើតបានជាកម្លាំងចលករថ្មីនៅក្នុងឧស្សាហកម្មទេសចរណ៍របស់កម្ពុជាដោយទាក់ទាញភ្ញៀវទេសចរថ្មីមកពីភាគខាងលិចប្រទេសចិន។ លើសពីនេះ លោកបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអានជាច្រើនលើក ដោយបានផ្សព្វផ្សាយជាបន្តបន្ទាប់នូវប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប ធនធានទេសចរណ៍ចម្រុះ និង ភាពទាក់ទាញផ្នែកវប្បធម៌របស់ប្រទេសកម្ពុជាដល់ សាធារណជនចិន ដែលនេះបានបង្កើនឥទ្ធិពលនៃសក្ដានុពលទេសចរណ៍របស់កម្ពុជានៅក្នុងទីផ្សារភាគខាងលិចប្រទេសចិនបន្ថែមទៀត។
ក្នុងវិស័យផ្លាស់ប្តូរប្រជាជននិងប្រជាជន លោកបានខិតខំផ្សព្វផ្សាយវប្បធម៌កម្ពុជានៅក្នុងខេត្តសានស៊ី ដោយបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចិនអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែង និង ភាពទាក់ទាញខាងវប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈមធ្យោបាយផ្សេងៗដូចជាការតាំងពិព័រណ៍វប្បធម៌ ការរៀបចំសកម្មភាពផ្លាស់ប្ដូរសិល្បៈ ការផ្សព្វផ្សាយទេសចរណ៍ និង ការរៀបចំសកម្មភាពពិធីបុណ្យជាដើម។
ព្រឹត្តិការណ៍វប្បធម៌ដូចជា “ផ្សារម្ហូបអាហារអាស៊ាន” ត្រូវបានធ្វើឡើងនៅទីក្រុងស៊ីអានប្រទេសចិន ដោយនាំយកវប្បធម៌កម្ពុជា មកជូនប្រជាជននៅភាគខាងលិចប្រទេសចិន និង លើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក និង ពង្រឹងបន្ថែមនូវមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ។
ជិតចប់អាណត្តិ មនោសញ្ចេតនាលោកនៅតែជាប់ជាមួយប្រទេសទាំងពីរ
អាណត្តិរបស់លោកអគ្គកុងស៊ុល ហេង ពៅ ជិតដល់ទីបញ្ចប់ហើយ។ ប្រសិនបើ ក្រឡេកមើលទៅក្រោយ អស់រយៈពេលជាច្រើនឆ្នាំ ដែលលោកបានបំពេញការងារ នៅទីក្រុងស៊ីអាន លោកបានទទួលស្គាល់ដោយស្មោះត្រង់ថា បទពិសោធន៍នេះ គឺជាជំពូកដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិតការទូតរបស់លោក។ “មិត្តភាពរវាងកម្ពុជា និងចិន មានឫសគល់ចាក់តាំងពីបុរាណកាល ហើយត្រូវបានបីបាច់រក្សាឲ្យមានភាពរឹងមាំនៅក្នុងបច្ចុប្បន្នកាល និង បន្តរីកចម្រើនកាន់តែស៊ីជម្រៅនាពេលអនាគត។
យើងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់រវាងភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើនពីមិត្តភាពនេះ”។
មន្ត្រីការទូតដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្ម និងជាក់ស្តែងដូចលោកអគ្គកុងស៊ុល ហេង ពៅ នេះហើយ ដែលបានធ្វើឱ្យមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែស្ថិតនៅក្នុងកម្រិតនៃសុន្ទរកថា ឬ ទស្សនវិស័យធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញលទ្ធផលជាក់ស្តែងតាមរយៈការផ្សព្វផ្សាយវិនិយោគរាល់លើក ការបញ្ជាទិញផលិតផលកសិកម្មនីមួយៗ និង និស្សិតគ្រប់គ្នាដែលទៅសិក្សានៅប្រទេសចិនផងដែរ៕