សកម្មជនដីធ្លីតំបន់បឹងកក់អំពាវនាវឲ្យដាក់ទោសដល់មន្ត្រីមិនគោរពអនុក្រឹត្យ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០២ តុលា ២០១២នេះ ខណៈមានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលដាក់ពង្រាយឡោមព័ទ្ធ សកម្មជនដីធ្លីនៅតំបន់បឹងកក់ មិនឲ្យឡើងទៅសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកព័ត៌មានជុំវិញការចុះវាស់ដី តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សកម្មជនដីធ្លីនៅតំបន់បឹងកក់ ក៏បានធ្វើការអំពាវនាវឲ្យលោក ហ៊ុន សែន ចាត់វិធានការ ឬដាក់ទោសទណ្ឌដល់មន្ត្រីក្រោមឱវាទដែលមិនគោរពអនុក្រឹត្យកាត់ដីជាង ១២ហិកតា ដើម្បីបញ្ចប់ជម្លោះ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា អាជ្ញាធរបានប្រគល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋនៅតំបន់នោះ អស់ហើយ លើកលែងតែគ្រួសារមួយចំនួន ដែលមិនស្ថិតក្នុងទំហំដីក្នុងអនុក្រឹត្យនោះ។
សូមបញ្ជាក់ថា កាលពីពាក់កណ្តាលឆ្នាំ២០១១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកាត់ដីនៅតំបន់បឹងកក់ទំហំ ១២,៤៤ហិកតា ចេញពីគម្រោងអភិវឌ្ឍជូនអ្នកភូមិបឹងកក់ជិត១០០០ គ្រួសារ បន្ទាប់ពីមានការតវ៉ាជិត៥ឆ្នាំ និងមានសម្ពាធពីម្ចាស់ជំនួយខ្លះ ។
បញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ មកដល់ពេលនេះមានសកម្មជនដីធ្លីម្នាក់ទៀត កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសក្រោមបទប្រើហិង្សាដោយមានស្ថានទម្ងន់ទោស ករណីនេះត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថាជាការគំរាមកំហែងសិទ្ធិសេរីភាពនៃការបញ្ចេញមិតិ៕