វិស័យអប់រំនៅតែជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ ថ្លែងនៅក្នុងសារបើកបវរសនកាលឆ្នាំសិក្សាថ្មី ២០១២‑២០១៣ ថ្ងៃទី០១ តុលា ២០១២ លោកនាយករដ្ឋមន្ត្រីជោ ហ៊ុន សែន បានប្រសាសន៍ថា វិស័យអប់រំ នៅតែជាវិស័យ អាទិភាពក្នុងចំណោមវិស័យអាទិភាពទាំងឡាយ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងធានាដល់ការកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីជោ ហ៊ុន សែន ដែលបានចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ បានលើកឡើងថា «យើងត្រូវបន្តគាំទ្រលើកកម្ពស់វិស័យអប់រំជាតិរបស់យើង ដោយមិនត្រូវទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រមសេវាអប់រំ និងត្រូវបង្កើនសក្តានុពលឲ្យកូនចៅរបស់យើងនៅជំនាន់ក្រោយជាមនុស្ស ដែលមានសមត្ថភាព និងជំនាញគ្រប់គ្នានៅពេលអនាគត»។
លោកនាយករដ្ឋមន្ត្រីជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា យើងត្រូវឲ្យតម្លៃខ្ពស់ទៅលើការសិក្សារៀនសូត្រ ពីព្រោះថា កិច្ចការនេះ នឹងជួយអភិវឌ្ឍបានលើគ្រប់វិស័យ និងជួយពន្លឿនសមាហរណកម្មកម្ពុជា ឲ្យប្រកបដោយស្មើភាព និងស្មើសិទ្ធិនៅក្នុងគ្រប់ភារកិច្ចតំបន់ និងពិភពលោក និងសម្រេចបានយ៉ាងពិតប្រាកដនូវកំណើនសេដ្ឋកិច្ចមួយ ដែលពឹងផ្អែកលើចំណេះដឹង។
ដោយភ្ជាប់ឱកាសបើកបវេសនកាលទៅនឹងទិវាគ្រូបង្រៀន ថ្ងៃទី០៥ តុលា ដែលត្រូវបានរៀបចំជារៀលរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៧ មកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅក្មួយៗ សិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ត្រូវស្រឡាញ់ខ្លួន និងស្រឡាញ់ឪពុកម្តាយ និងត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនគ្រាប់ប្រភេទ៕