សមាគមអ្នកកាសែតពីរ​​សហការប្រឆាំងអំពើ​ពុករលួយតាមវិជ្ជាជីវៈ​អ្នកកាសែត

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅក្រៅសិក្ខាសាលា ស្តីពី ការត្រួតពិនិត្យឡើងវិញនូវការអនុវត្តន៍អនុសញ្ញា របស់អង្គការសហប្រជាជាតិ អ.ស.ប ប្រឆាំងអំពើពុករលួយ (UNCAC) នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ កញ្ញា ២០១២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ប៉ែន សមិទ្ធិ ជាប្រធាន និងសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ របស់លោក ឱម ចន្ទតារ៉ា បានអះអាងថា នឹងប្រឹងប្រែងសហការប្រឆាំងអំពើពុករលួយ តាមវិជ្ជាជីវៈអ្នកកាសែត។

លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ ថា ក្លឹបអ្នកកាសែតកម្ពុជា ស្វាគមន៍ការដែលអង្គភាពប្រឆាំងអំពើពុករលួយចាត់ទុកក្លឹបអ្នកកាសែតកម្ពុជា ជាដៃគូ ហេតុនេះយើងនឹងប្រឹងប្រែងធ្វើការងារប្រឆាំងអំពើពុករលួយ តាមវិជ្ជាជីវៈអ្នកកាសែត ដើម្បីឲ្យការប្រឆាំងអំពើពុករលួយនៅក្នុងសង្គមខ្មែរ បានផ្លែផ្កា។

សម្រាប់លោក ឱម ចន្ទតារ៉ា ប្រធានសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទផងដែរថា យើងនឹងខិតខំសហការចូលរួមជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ប្រឆាំងអំពើពុករលួយ ដើម្បីធ្វើឲ្យសង្គមមានតម្លាភាព។

នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១២ គិតត្រឹមខែមករាមក អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បានទទួលពាក្យបណ្តឹងរឿងពុករលួយ ចំនួន ៨០០ ពាក្យបណ្តឹង ដែលក្នុងនោះ ៥០ភាគរយជាបណ្តឹងអនាមិក ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបើកការស៊ើបអង្កេត ចំនួន ៣០ភាគរយផងដែរ៕

Related Articles

Back to top button
Close
Close