រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​និង​ចិន​ជួប​ជជែកគ្នា​រឿង​ជម្លោះ​ដណ្តើម​កោះ

រដ្ឋមន្រ្តីការបរទេសចិននិងជប៉ុនបានជួបគ្នា កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅក្រៅមហាសន្និបាតអ.ស.ប.នៅទីក្រុងញូវយ៉ក ដើម្បីជជែកគ្នាអំពីជម្លោះ ដណ្តើមប្រជុំកោះ ដែលកំពុងតែបំពុលទំនាក់ទំនងទាំងផ្នែកការទូត និងផ្នែកសេដ្ឋ កិច្ចរវាងប្រទេសទាំងពីរ។ ក៏ប៉ុន្តែ នៅចុងបញ្ចប់នៃជំនួបនេះ ចិន និងជប៉ុន នៅ តែមិនអាចរកដំណោះស្រាយរួមណាមួយ ដើម្បីបន្ធូរបន្ថយជម្លោះនេះទេ។

ជំនួបកាលពីយប់ម្សិលមិញនេះ ត្រូវបានធ្វើឡើង ទៅតាមសំណើរបស់លោកកូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro Gemba) រដ្ឋមន្រ្តីការបរទេសជប៉ុន ដោយឆ្លៀតក្នុង ពេលដែលរូបលោកនិងសមភាគីចិនគឺលោកយ៉ាង ជៀឈី (Yang Jiechi) កំពុង ស្ថិតនៅក្នុងទីក្រុងញូវយ៉កដូចគ្នា ដើម្បីចូលរួមមហាសន្និបាតអ.ស.ប.។

មន្រ្តីទូតជប៉ុនដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP ថា ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹង ដោយភាគីម្ខាងៗ នៅតែប្រកាន់ជំហរដើមរៀងៗខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅក្នុងជំនួប ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោកយ៉ាង ជៀឈី បានលើកឡើងថា ការ ដែលរដ្ឋាភិបាលជប៉ុនប្រមូលទិញដីលើកោះជាប់ជម្លោះគឺជាការរំលោភយ៉ាង ធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីរបស់ចិន ហើយថា ដរាបណារដ្ឋាភិបាលជប៉ុនមិន កែប្រែជំហររបស់ខ្លួនទេ ទំនាក់ទំនងរវាងចិន និងជប៉ុន នឹងមិនអាចត្រឡប់មករកភាព ប្រក្រតីវិញបានទេ ហើយទាំងនេះ គឺជាកំហុសរបស់ជប៉ុន។

ខាងភាគីជប៉ុនវិញ គេមិនឃើញមានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយរបស់ រដ្ឋាភិបាលជុំវិញជំនួបជាមួយចិននេះទេក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់ជប៉ុនបានបង្ហើបឲ្យ ដឹងថា លោកកូអ៊ីឈីរ៉ូ ហ្កេមបា បានស្នើឲ្យចិនមានការអត់ធ្មត់ជាអតិបរមា ដើម្បី ធ្វើយ៉ាងណាកុំឲ្យមានការប្រើអំពើហិង្សា ដែលនាំឲ្យខូចខាតដល់រោងចក្រ និង សហគ្រាសជប៉ុន នៅចិន។

ទាក់ទងនឹងកម្មសិទ្ធិលើប្រជុំកោះជាប់ជម្លោះវិញ នៅមុនជំនួបរវាងរដ្ឋមន្រ្តី ការបរទេសទាំងពីរ គណៈប្រតិភូជប៉ុនបានធ្វើការចែកចាយដល់អ្នកសារព័ត៌មាន នូវ សំណុំ ឯកសារមួយចំនួន ដែលជប៉ុនអះអាងថា ជាមូលដ្ឋានបញ្ជាក់ច្បាស់ថា ប្រជុំ កោះសេនកាគូ គឺជាកម្មសិទ្ធិរបស់ជប៉ុន។ ក្នុងចំណោមឯកសារទាំងនេះ រួមមាន ផែនទីដែលចិនខ្លួនឯងជាអ្នកគូស នៅចន្លោះពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៦០ ដោយដាក់ប្រជុំកោះជាប់ជម្លោះ ទៅក្នុងទឹកដីរបស់ជប៉ុន។

និយាយជារួមនៅក្នុងជំនួប កាលពីយប់ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន និង ជប៉ុនមិនបានរកឃើញដំណោះស្រាយណាមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹង នឹងគ្នានោះទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរបានព្រមព្រៀង គ្នា ថា នឹងទុកទ្វារឲ្យនៅចំហ សម្រាប់ការចរចាគ្នាបន្តទៅទៀត៕

ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close