បញ្ជ្រាបពីគុណតម្លៃនៃតម្លាភាពនិងការទទួលបានព័ត៌មានដល់មន្ត្រីថ្នាក់ជាតិ
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ បន្ទាប់ពីធ្វើការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ក្រោមជាតិទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ព្រមទាំងធ្វើការផ្សព្វផ្សាយតាមរលកអាកាសនៅតាមបណ្ដាខេត្តមួយចំនួនស្ដីអំពីគុណតម្លៃនៃតម្លាភាព និងការទទួលបានព័ត៌មានកន្លងមក ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃក៏បានបញ្ច្រាបប្រធានបទនេះដល់មន្រ្តីថ្នាក់ជាតិបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ។
គោលបំណងដ៏សំខាន់នៃការបញ្ច្រាបពីគុណតម្លៃនៃតម្លាភាព និងការទទួលបានព័ត៌មាននេះគឺចង់ឲ្យមន្រ្តីថ្នាក់ជាតិបានយល់ដឹងឲ្យស៊ីជម្រៅពីការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ការគាំទ្រប្រសិទ្ធផលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការមានគណនីយសង្គមដែលអាចឈានទៅរកការកាត់បន្ថយអំពើពុករលួយ។ ការបញ្ជ្រៀបនេះក៏មានបំណងទាមទារឲ្យមន្រ្តីថ្នាក់ជាតិគាំទ្រដល់មន្រ្តីថ្នាក់ក្រោមជាតិក្នុងការអនុវត្តការងារប្រកបដោយតម្លាភាព ដោយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «តម្លាភាព និងការទទួលបានព័ត៌មាន» នាថ្ងៃទី ២៥ កញ្ញា នៅឯសណ្ឋាគារភ្នំពេញ លោក ប៉ោ ភក្តិ នាយកគម្រោងអភិបាលកិច្ចល្អមូលដ្ឋានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមុះមុតក្នុងការបញ្ជ្រាប និងជម្រុញការងារតម្លាភាព និងបើកចំហព័ត៌មាននៅក្នុងស្ថាប័នរដ្ឋទាំងអស់។
លោកបានលើកឡើងថា តម្លាភាព និងសិទ្ធទទួលបានព័ត៌មានគឺជាសរសរគ្រឹះសម្រាប់លើកស្ទួយអភិបាលកិច្ចល្អ ដែលជាបច្ច័យដ៏ល្អក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ព្រមទាំងការផ្តល់ទំនុកចិត្តដល់អ្នកផ្តល់សេវាសាធារណៈពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ទោះបីជាយ៉ាងនេះក្តី លោក ប៉ោ ភក្តិ បានបញ្ជាក់ថា កិច្ចការទាំងនេះទាមទារឲ្យមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងក្នុងរយៈពេលយូរអង្វែងពីសំណាក់ប្រជាពលរដ្ឋ ពីស្ថាប័នរដ្ឋ និងមិនមែនរដ្ឋទាំងអស់។
ចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទិននឹងប្រយោជន៍នៃតម្លាភាព និងសិទ្ធិទទួលបានព័ត៌មាននេះដែរ លោក មិន មុនី ទីប្រឹក្សាគម្រោងអភិបាលកិច្ចល្អមូលដ្ឋានបាននិយាយថា តម្លាភាព និងសិទ្ធិទទួលបានព័ត៌មានបានផ្ដល់ផលប្រយោជន៍ចំនួន៤ធំៗដែលក្នុងនោះរួមមាន ទីមួយបង្កឲ្យមានលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ ទីពីរនាំឲ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសេវាសាធារណៈ ទីបីនាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងទីបួនការទប់ស្កាត់អំពើពុករលួយ។
លោក មុនី បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជានៅមានភាពស្មុគស្មាញមួយចំនួន ដោយសារតែប្រជាពលរដ្ឋមិនបានទទួលបានព័ត៌មានច្បាស់លាស់ ដែលនាំឲ្យអ្នកផ្ដល់សេវាសាធារណៈបង្កអំពើពុករលួយនៅក្នុងមុខងាររបស់ខ្លួន។ លោកបានលើកឧទាហរណ៍ជាក់ស្ដែងពីនីតិវិធីនៃការបង់ពន្ធរថយន្ត និងការផ្ដល់សេវាស្លាកលេខរថយន្តនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យមានភាពសាំញ៉ាំដល់ប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ។
លោកបានបន្តថា ប្រសិនបើមានព័ត៌មានគឺមិនមានតម្លាភាពឡើយ ហើយការមិនមានតម្លាភាពនេះហើយនាំឲ្យមានភាពអយុត្តិធម៌សង្គម ដោយលោកបញ្ញាក់ថា «ប្រសិនបើមានតម្លាភាព អ្វីៗទាំងអស់ត្រូវបើកចំហ ហើយការលាក់ព័ត៌មានគឺមិនមែនជាជម្រើសទេ តែការលាក់ព័ត៌មាននេះមិនបានទទួលយោបល់ត្រឡប់មកវិញ និងបាត់បង់ទំនុកចិត្តពីសាធារណជន។ ដូចនេះត្រូវតែមានផ្លាស់ប្ដូរ»៕