បណ្តាជន​ម៉ូស្គូ​ប្រឆាំង​នឹង​ការ​សង់​វិហារ​អ៊ីស្លាម

គឺពេញមួយយប់មិញ ដែលបណ្តាជនក្នុងសង្កាត់មួយ នៅប៉ែកខាងលិចក្រុងម៉ូស្គូ ឈ្មោះ សង្កាត់ Mitino បានធ្វើមិទ្ទិញយ៉ាងគគ្រឹកគគ្រេង ប្រឆាំងនឹងសេចក្តី សម្រេចរបស់សាលាក្រុងម៉ូស្គូ ដែលអនុញ្ញាតឲ្យសហគមន៍អ៊ីស្លាម សង់នៅ ក្នុងសង្កាត់នេះ ជាវិហារអ៊ីស្លាម សម្រាប់តម្រូវការរបស់គេ។

មុនដំបូង នៅវេលាម៉ោង៨យប់ មានប្រជាពលរដ្ឋប្រមាណ៥០០នាក់ ដែលរស់នៅ តាមអគារលំនៅ នៅជុំវិញ បានទៅជួបជុំគ្នានៅលើទីលាន ដែលទុកសម្រាប់សង់ វិហារនេះ។ ប៉ុន្តែ កន្លះម៉ោងក្រោយមក ចំនួនអ្នកដែលចូលរួមក្នុងមិទ្ទិញ តវ៉ានោះ ស្រាប់តែកើនឡើងដល់ទៅ ជាង៣ដង លុះរហូតដល់២.០០០នាក់ ទាល់តែ បំពេញណែនក្តន់ ទីលានដែលស្ថិតនៅត្រង់ចន្លោះរវាងអគារលំនៅ និងវិថី នានា។ ក្នុងមិទ្ទិញនេះ គេសង្កេតឃើញ ទាំងយាយតាចាស់ៗ ដែលចូលរ៉ឺត្រែតទៅ ហើយទាំងអ្នកស្រុកវ័យក្មេងជាងនាំទាំងប្រពន្ធនិងកូនៗទៅជាមួយផង ទាំងយុវជន ដែលប្រើទូរសព្ទដៃខ្លួន ថតគ្មានឈប់ព្រឹត្តិការណ៍នោះ។

ការទាមទាររបស់គេ កុំឲ្យសង់នៅលើទីលាននេះ ជាវិហារអ៊ីស្លាម គឺមកពីគេព្រួយ បារម្ភថា វិហារនេះ មុខជានឹងទាក់ទាញសាសនិកអ៊ីស្លាមទាំងពាន់ៗនាក់ ឲ្យសម្រុក គ្នា មកកាន់ទីនេះ ហេតុ ដែលនឹង រំខានដល់ចរាចរណ៍ ហើយនឹងបង្កជាស្ថានការណ៍ អាចពាំនាំមកទាំងជម្ងឺឆ្លងទៅផងព្រមទាំងនឹងបង្ខូចដល់សន្តិសុខនិងសណ្តាប់ ធ្នាប់អ្នកដែលរស់នៅទីនេះ។

តាមការកត់សម្គាល់នៃកាសែតមួយ លេខថ្ងៃនេះ ពួកអ្នកចូលរួម ក្នុងមិទ្ទិញ ចេះ ទប់ខ្លួនមិនបន្លឺឡើយនូវឃ្លាដែលបង្កប់ដោយន័យ ស្អប់សាសនា អ៊ីស្លាម។ គេថែមទាំង គូសបញ្ជាក់ថា ៖ “អ្នកកាន់សាសនាអ៊ីស្លាម ជាបងប្អូនរបស់គេ” ទេតើ ប៉ុន្តែ សង្កាត់ Mitino របស់គេ មានបញ្ហាផ្សេងៗជាច្រើន ដែលត្រូវដោះស្រាយ ជាបន្ទាន់ មិនមែនបញ្ហាសង់វិហារនោះឡើយ។

ស្របនឹងការស្ទង់មតិ បណ្តាជនសង្កាត់ Mitino នៃរដ្ឋធានីម៉ូស្គូ ក្នុងចំនួន ដល់ទៅ៩០% នាំគ្នា ប្រឆាំងនឹងការសង់វិហារអ៊ីស្លាម នៅក្នុងសង្កាត់នេះ។

សាច់រឿងនៃសេចក្តីសម្រេចរបស់សាលាក្រុងម៉ូស្គូ គឺសុខចិត្តយល់ព្រម ប្រគល់ដី មានផ្ទៃក្រឡា ៣.៥០០ម៉ែត្រការ៉េ ក្នុង សង្កាត់ Mitino ទៅសហគមន៍អ៊ីស្លាម សម្រាប់សង់ឡើងជា “មជ្ឈមណ្ឌលមនុស្សធម៌អ៊ីស្លាម”ប្រកបទៅដោយ វិហារ មូស្លីម ដែលមិនត្រូវមានកម្ពស់ លើសពី ៣៥ម៉ែត្រឡើយ។ ៣៥ ម៉ែត្រនេះ គឺស្មើនឹង អគារដែលមាន ១៣ជាន់។

បច្ចុប្បន្ន ក្នុងក្រុងម៉ូស្គូ មានវិហារមូស្លីម ចំនួនទើបតែ៥ប៉ុណ្ណោះ ដំណើរការ សម្រាប់បំពេញដល់ តម្រូវការ នៃសាសនិកអ៊ីស្លាម ចំនួន២លាន៦សែននាក់ ឬសឹង ១/៤ នៃបណ្តាជន១១លាន ៧សែននាក់ ក្នុងរដ្ឋធានីរុស្ស៊ី ម៉្លោះហើយបាន ជាឆ្លើយតបនឹង ពាក្យត្អូញត្អែរគ្មានឈប់ ពីខាងសហគមន៍អ៊ីស្លាម សាលា ក្រុងម៉ូស្គូសុខចិត្ត ចេញសេចក្តីអនុញ្ញាតនោះ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close