សង្គមស៊ីវិលចិនផ្តល់គ្រឿងចក្ររួមចំណែកដល់បេសកកម្មបោសសម្អាតមីននៅកម្ពុជា
Cambodia News
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាមានរៀបចំប្រគល់-ទទួលគ្រឿងចក្រកសិកម្ម១គ្រឿងពីមូលនិធិចិនសប្បុរសធម៌Sanyi និងមូលនិធិចិនPEACELAND ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។
លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sanyiបានគូសបញ្ជាក់ថា មូលនិធិចិនទាំងពីររួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានបង្កើនសកម្មភាពនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកក្នុងបេសកកម្មរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស្របតាមសកម្មភាពមនុស្សធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិថែមទៀតផង។
គ្រឿងចក្រកសិកម្មដែលត្រូវបានបរិច្ចាគនាថ្ងៃនេះ នឹងត្រូវប្រើប្រាស់ចូលរួមចំណែកដោយផ្ទាល់ក្នុងប្រតិបត្តិការបោសសម្អាតមីននៅតំបន់រងគ្រោះដោយសារមីនក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាលើរបរកសិកម្មក្រោយទទួលបានដីសុវត្ថិភាពពីការបោសសម្អាតមីន។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមជាមិត្តដែកថែប មិត្តចិនបានរួមចំណែកជួយដល់កម្ពុជាលើវិស័យបោសសម្អាតមីន ហើយបន្ថែមពីលើជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលចិន សង្គមស៊ីវិលរួមជាមួយវិស័យឯកជនរបស់ប្រទេសចិន ដែលថ្ងៃនេះជាសក្ខីភាពបង្ហាញស្រាប់លើជំនួយមនុស្សធម៌នេះក្នុងការរួមចំណែកសម្រេចបាននូវផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់CMAC។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក សមាគមបានរួមចំណែកសម្របសម្រួលជូនដល់មូលនិធិទាំងពីរក្នុងកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានាលើវិស័យបោសសម្អាតមីន ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជាដែលគ្មានគ្រាប់មីន ព្រមទាំងរួមចំណែកស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨មក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានកៀគរកម្លាំងសង្គមស៊ីវិលចិនមករួមចំណែកជាមួយCMACលើវិស័យបោសសម្អាតមីន ព្រមទាំងបង្កើនការអនុវត្តគម្រោងនានាដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងនៅនឹងមូលដ្ឋានរបស់ប្រជាជនកម្ពុជា៕
